ប្រទេសអ៊ីតាលី អាល់បានី និងអេមីរ៉ាត់អារ៉ាប់រួម (អារ៉ាប់រ៉ួម) នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃយ៉ាងហោចណាស់ ១ពាន់លានអឺរ៉ូ (១ពាន់លានដុល្លារ) ដើម្បីសាងសង់តំណភ្ជាប់ក្រោមបាតសមុទ្រ សម្រាប់ថាមពលកកើតឡើងវិញ កាត់សមុទ្រ Adriatic។
អំឡុងពេលលោកស្រីប្រកាសពីកិច្ចព្រមព្រៀងនេះ នៅឯកិច្ចប្រជុំកំពូលថាមពលអនាគតពិភពលោក ក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំលើគម្រោងនេះដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលទាំង៣ របស់យើង ក៏ដូចជាវិស័យឯកជន និងប្រតិបត្តិករបណ្តាញអគ្គិសនីរបស់យើង»។
ចំណែកនាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានលើកឡើងថា ភាពជាដៃគូ ៣ភាគីនេះ ដែលមានគោលបំណងផលិតថាមពលបៃតង នៅក្នុងប្រទេសអាល់បានី និងនាំចេញទៅកាន់ប្រទេសអ៊ីតាលី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ នឹងពាក់ព័ន្ធជាមួយប្រតិបត្តិករបណ្តាញអគ្គិសនីអ៊ីតាលី Terna និងក្រុមហ៊ុនថាមពលជាតិរបស់អារ៉ាប់រួម (Taqa)។
នាយករដ្ឋមន្ត្រីអាល់បានី បានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធនេះ នឹងតភ្ជាប់កំពង់ផែ Vlore របស់អាល់បានីទៅកាន់តំបន់ Puglia ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលជាទីតាំងដ៏កៀកបំផុត រវាងប្រទេសទាំង២ ហើយត្រូវបានគេរំពឹងថា នឹងដំណើរការក្នុងរយៈពេលយូរបំផុត ៣ឆ្នាំ៕