ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសអ៊ីតាលីបានកោះអញ្ជើញប្រមុខការទូតរបស់ប្រទេសវេណេហ្ស៊ុយអេឡា ប្រចាំនៅទីក្រុងរ៉ូម នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ ដើម្បីបង្ហាញការតវ៉ា ជុំវិញកង្វះព័ត៌មាន អំពីជោគវាសនារបស់ជនជាតិអ៊ីតាលីដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កាលពី ២ខែមុន។
គួររំលឹកថា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (NGO) ឈ្មោះ Alberto Trentini វ័យ ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាលពីខែវិច្ឆិកា ប៉ុន្តែមិនមានការចោទប្រកាន់ផ្លូវការណាមួយត្រូវបានធ្វើឡើងលើរូបលោកនោះឡើយ ដោយក្រុមគ្រួសាររបស់លោកបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងរ៉ូមបង្កើនកិច្ចប្រឹងប្រែង ដើម្បីឲ្យមានការដោះលែងរូបលោក។
រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ព្រឹកនេះ ខ្ញុំបានកោះអញ្ជើញឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡា ដើម្បីឲ្យមកស្ដាប់ការតវ៉ាយ៉ាងខ្លាំងក្លា ចំពោះកង្វះខាតព័ត៌មាន អំពីការឃុំខ្លួនពលរដ្ឋអ៊ីតាលី លោក Alberto Trentini និងការជំទាស់នឹងការបណ្តេញអ្នកការទូតរបស់យើង ៣រូប»។
សារព័ត៌មាន Daily la Repubblica បានរាយការណ៍ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅឯទីកន្លែងបិទផ្លូវត្រួតពិនិត្យចរាចរណ៍ លោក Trentini ត្រូវបានប្រាប់ឲ្យឈប់ បន្ទាប់ត្រូវបានបញ្ជូនទៅពន្ធនាគារ ក្នុងទីក្រុង Caracas ហើយត្រូវបានបដិសេធមិនឲ្យទាក់ទងជាមួយក្រុមគ្រួសាររបស់លោក។ ម្ដាយរបស់លោកបានប្រាប់សារព័ត៌មានថា រូបលោកមានបញ្ហាសុខភាព ហើយគ្មានថ្នាំជាប់នឹងខ្លួនទេ។
សារព័ត៌មាន Reuters បានផ្ញើអ៊ីមែល (សារអេឡិចត្រូនិក) ទៅស្ថានទូតវេណេហ្ស៊ុយអេឡា ប្រចាំនៅទីក្រុងរ៉ូម ដើម្បីស្វែងរកការអត្ថាធិប្បាយ តែមិនទាន់ទទួលបានចម្លើយនៅឡើយទេ។
ការចាប់ខ្លួននេះបានកើតមានឡើងស្របពេលដែលទំនាក់ទំនង រវាងអ៊ីតាលី និងវេណេហ្ស៊ុយអេឡា មានសភាពកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីទីក្រុងរ៉ូម រួមជាមួយនឹងប្រទេសផ្សេងទៀត មិនទទួលស្គាល់ជ័យជម្នះរបស់លោក Nicolas Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា ឆ្នាំ២០២៤៕