រយៈពេលប៉ុន្មានថ្ងៃមុនការស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ដែលបានគំរាមធ្វើការនិរទេសទ្រង់ទ្រាយធំនោះ ជនអន្តោប្រវេសន៍ដែលបោះទីជម្រកនៅទីក្រុងព្រំដែន Tijuana និងទីក្រុង Ciudad Juarez របស់ប្រទេសម៉ិកស៊ិក និយាយថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេចំពោះការនិរទេសមួយនេះ ។
នៅទីក្រុង Ciudad Juarez ក្រុមអាជ្ញាធរពិចារណាលើជម្រើសបង្កើតទីជម្រក El Punto ហើយពហុកីឡដ្ឋានបេសបលក្នុងស្រុកដែលអាចផ្ទុកទស្សនិកជនបាន ១៥.០០០នាក់ អាចជាជម្រើសសម្រាប់ផ្តល់ទីស្នាក់អាស្រ័យដល់ជនអន្តោប្រវេសន៍ដែលនឹងត្រូវនិរទេសខ្លួន ។
ខណៈពេលនោះដែរ ទីជម្រកឧបត្ថម្ភ និងគ្រប់គ្រងដោយអង្គការគាំទ្រជនស៊ីវិលក្នុងស្រុក និងព្រះវិហារក្នុងស្រុក ស្ថិតនៅតំបន់ភាគខាងជើងម៉ិកស៊ិក បានបង្ហាញក្តីកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងរលកនៃការនិរទេសទ្រង់ទ្រាយធំ ដែលលោក Trumpបានស្នើសុំ ដោយពួកគេបញ្ជាក់ថា មិនថាទីជម្រកឯកជន ឬរដ្ឋនោះទ ពុំបានត្រៀមខ្លួនរួចរាល់នោះឡើយ ក្នុងការទទួលចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនដែលអាចនឹងមកដល់ ក្រោយថ្ងៃទី ២០ ខែមករា ខាងមុខនេះ ។
លោក Trumpដែលនឹងឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ បានចោទប្រកាន់រដ្ឋាភិបាលម៉ិកស៊ិកថា ពុំបានធ្វើរឿងគ្រប់គ្រាន់ ក្នុងការបញ្ឈប់ជនអន្តោប្រវេសន៍ ហើយលោកសន្យាថា នឹងធ្វើនឹងការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ជាហេតុអាចបង្កការលំបាកខ្លាំងទាំងផ្នែកសន្តិសុខ និងមនុស្សធម៌ដល់ប្រទេសម៉ិកស៊ិកដែលបានប្រឈមរួចទៅហើយនឹងអំពើហិង្សា ៕