នៅថ្ងៃពុធនេះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានជំរុញឲ្យប្រទេសទាំងអស់ដកដៃចេញពីស៊ីរី ហើយលោកនិយាយថា ទួរគីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចអង្គការភេរវកម្មទាំងអស់នៅក្នុងប្រទេសមួយនេះ រួមទាំងក្រុមជីវពលឃើដ និងក្រុមរដ្ឋអ៊ិស្លាម ។
ថ្លែងនៅក្នុងសភា លោក Erdogan និយាយថា ក្រុមជីវពលឃើដ YPG គឺជាបញ្ហាធំជាងគេបំផុតនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់អំណាចអតីតប្រធានាធិបតីលោក Bashar al-Assad ហើយលោកបន្តថា ក្រុមមួយនេះចៀសមិនផុតពីការវិនាសអន្តរាយទេ លុះត្រាណាតែពួកគេទម្លាក់អាវុធចុះ ។
លោកថា បច្ចុប្បន្នបញ្ហាធ្ងន់ធ្ងរបំផុតនៅស៊ីរី គឺអង្គការភេវរកម្ម YPG ដែលគ្រប់គ្រងដែនដីជិត ១ភាគ ៣នៅក្នុងប្រទេសមួយនេះ ។ បើសិនជាអង្គការភេរវកម្ម YPG ដែលដណ្តើមយកធនធានធម្មជាតិស៊ីរី មិនព្រមទម្លាក់អាវុធទេនោះ ពួកគេនឹងត្រូវបញ្ចប់ដោយមិនអាចគេចផុតបានឡើយ ។
លោក Erdogan បាននិយាយផងដែរថា បើសិនជាក្រុមក្រៅច្បាប់គណបក្សកម្មករឃើដឌីស្តាន (PKK) មិនអើពើនឹងការអំពាវនាវពីមេដឹកនាំជាប់ពន្ធនាគាររបស់ពួកគេគឺលោក Abdullah Ocalan ឲ្យទម្លាក់អាវុធចុះទេនោះ ទួរគីនឹងសម្រេចគោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមភេរវកម្មមួយនេះ តាមមធ្យោបាយផ្សេង ៕