រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Cem Oezdemir នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់មិនបានរកឃើញករណីបន្ថែមទៀតនៃជំងឺអ៊ុតក្ដាមនោះទេ ដោយបន្ថែមថា អ្នកជំនាញកំពុងធ្វើការឥតសម្រាក ដើម្បីតាមរកប្រភពនៃការផ្ទុះឡើងជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក Oezdemir បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា៖ «ភារកិច្ចសំខាន់បំផុតឥឡូវនេះ គឺត្រូវធានាថា យើងគ្រប់គ្រងជំងឺនេះបាន»។
លោកបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការ ដើម្បីធ្វើឲ្យទីផ្សារនាំចេញនៅតែបើកចំហ សម្រាប់សាច់ និងផលិតផលទឹកដោះគោរបស់អាល្លឺម៉ង់ ជាពិសេសនៅក្នុងសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា អាល្លឺម៉ង់ បានប្រកាសពីការផ្ទុះឡើងនូវជំងឺអ៊ុតក្ដាមជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេលជិត ៤០ឆ្នាំ កាលពីថ្ងៃទី១០ ខែមករា ដែលរកឃើញក្នុងហ្វូងសត្វក្របី នៅឯជាយក្រុងប៊ែរឡាំង ក្នុងតំបន់ Brandenburg៕


