ក្រុមមន្ត្រី នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពជើងទឹកហ្វីលីពីន បានជួយសង្គ្រោះមនុស្ស ១២១នាក់ ដែលនៅលើទូករយៈពេល ៦ថ្ងៃ បន្ទាប់ពីទូកនោះបានរសាត់អណ្ដែតគ្មានទិសដៅនៅក្នុងសមុទ្រ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា នាវាឈ្មោះ J Sayang 1 បានបាត់បង់ថាមពលម៉ាស៊ីន អស់ប្រេង និងខូចឧបករណ៍ទំនាក់ទំនង ខណៈពេលដែលកំពុងធ្វើដំណើរក្នុងស្រុក នៅក្នុង «លក្ខខណ្ឌអាកាសធាតុមិនល្អ» ឆ្លងកាត់សមុទ្រ Sulu កាលពីថ្ងៃទី៨ ខែមករា។
នាវាល្បាតរបស់កងទ័ពជើងទឹកបានរកឃើញទូកដែលបាត់នេះ នៅម្ដុំឆ្នេរនៃប្រជុំកោះ Tawi-Tawi ភាគខាងត្បូងហ្វីលីពីន កាលពីថ្ងៃអង្គារ (ទី១៤ ខែមករា)។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អ្នកដំណើរ ១០៦នាក់ និងសមាជិកនាវិក ១៥នាក់ ដែលសុទ្ធតែជាជនជាតិហ្វីលីពីនទាំងអស់ «មានបញ្ហាផ្លូវចិត្ត បន្ទាប់ពីអាហារ និងទឹក សល់កាន់តែតិចទៅៗ» ប៉ុន្តែមានសុខភាពរាងកាយល្អធម្មតា។
មន្ត្រីកងទ័ពជើងទឹកក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP ថា ទូកនេះមានគ្រោងតួជាឈើ និងផ្ទុក «ចំណុះបានពី ៤០ ទៅ ៥០តោន» ដោយបន្ថែមថា អ្នកដំណើរ និងនាវិក បានរួចរស់ជីវិតដោយសារ «អាហារស្តុកនៅក្នុងទូក»។
ទូកនេះបានរសាត់ប្រហែល ១០០គីឡូម៉ែត្រ នៅភាគនិរតី ក្នុងរយៈពេល ៦ថ្ងៃ ពីម្ដុំកោះដ៏តូចមួយ គឺកោះ Pangutaran ជាកន្លែងដែលកងទ័ពជើងទឹក បានប្រាប់ថា ម៉ាស៊ីនរបស់ទូក បានខូច៕

