យៈពេលប៉ុន្មានសប្តាហ៍ក្រោយការដោះលែងរបស់លោក លោក Ahmed Khalil al-Khouli បានវិលត្រឡប់ទៅកាន់ពន្ធនាគារ Sednaya វិញជាទីដែលលោកត្រូវបានឃុំខ្លួននៅទីនោះអស់រយៈពេល ៥ឆ្នាំ ។
លោក Khouli វ័យ ៤២ឆ្នាំ រងការចោទប្រកាន់ដោយបំពានពីបទអំពើភេរវកម្ម ហើយត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ពន្ធនាគារតូចមួយជាមួយមនុស្ស ៦នាក់ផ្សេងទៀត ។
លោកថា នៅក្នុងពន្ធនាគារ Sednaya លោកបានរង់ចាំការប្រហារជីវិតរបស់លោក ក្រោយលោកត្រូវបានតុលាការកាត់ទោសប្រហារជីវិត ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Khouli ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ពេលដែលក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Tahrir al-Sham បានវាយប្រហារចូលទីក្រុងដាម៉ាស់ និងរឹបអូសការគ្រប់គ្រងតំបន់ជាច្រើនរបស់ស៊ីរី ។
បច្ចុប្បន្នលោកបានចំណាយពេលជាមួយភរិយារបស់លោក កូនស្រីម្នាក់របស់លោក និងកូនប្រុស ២នាក់របស់លោក ក្នុងទីក្រុង Doumaស្ថិតនៅតាមតំបន់ជាយក្រុងដាម៉ាស់ ហើយលោកនិយាយថា លោកនឹងបន្តរស់នៅក្នុងប្រទេសស៊ីរី និងបន្តស្វែងរកការងារធ្វើ ។
ក្រោយការផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad អំឡុងការវាយប្រហាររបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោររបស់ពួកគេ មន្ទីរឃុំឃាំងរបស់ស៊ីរី បានបើកច្រកទ្វាររបងរបស់ខ្លួន ដើម្បីដោះលែងអ្នកទោសរាប់ម៉ឺននាក់ ឲ្យមានសេរីភាពទៅកាន់ពិភពលោកខាងក្រៅវិញ ។
អ្នកទោសរាប់ម៉ឺននាក់ បានចេញពីពន្ធនាគារស៊ីរី ក្រោយលោក Assad ត្រូវបានទម្លាក់ចេញពីអំណាចកាលពីខែធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែកន្លែងដែលពួកគេស្នាក់ ពុំត្រូវបានគេដឹងច្បាស់នោះទេ ។
ក្រុមសិទ្ធិមនុស្ស បានរាយការណ៍ពីការប្រហារជីវិតទ្រង់ទ្រាយធំនៅក្នុងពន្ធនាគារស៊ីរី អំឡុងការគ្រប់គ្រងរបស់លោក Assad ហើយសហរដ្ឋអាមេរិក និយាយកាលពីឆ្នាំ ២០១៧ថា ពួកគេបានរកឃើញឈាបនដ្ឋានថ្មីមួយកន្លែង ស្ថិតក្នុងទីក្រុង Sednaya សម្រាប់អ្នកទោសព្យួរក ។ ការធ្វើទារុណកម្មត្រូវបានគេកត់ត្រាធ្វើជាឯកសារផងដែរ ៕