ក្រុមហាម៉ាស និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលបាននិយាយថានឹងចូលជាធរមាននៅថ្ងៃអាទិត្យថ្ងៃទី១៩ ខែមករា សប្ដាហ៍នេះ ហើយរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅទីនោះក្នុងអំឡុងពេល ជម្លោះ១៥ ខែដ៏បង្ហូរឈាម ដែលបានបំផ្លិចបំផ្លាញតំបន់ប៉ាឡេស្ទីន សម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានរុញឲ្យមានភាពតានតឹងស្ទើរផ្ទុះជាសង្រ្គាមតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងជាដំណាក់កាលស្មុគ្រស្មាញនេះគូសបញ្ជាក់បទឈប់បាញ់ដំបូងរយៈពេល៦សប្តាហ៍ជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗចេញពីតំបន់ហ្កាហ្សាស្ទ្រីប ជាទីដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់។ ចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សានឹងត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដូហា (Doha) នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា បទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោកបាននិយាយថា ក្រុមអ្នកចរចាកំពុងធ្វើការជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាសលើជំហាននានាដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។

ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា កិច្ចព្រមព្រៀងនេះនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បង្កើនជំនួយមនុស្សធម៌ជាច្រើនដល់ជនស៊ីវិលប៉ាឡេស្ទីន និងការជួបជុំចំណាប់ខ្មាំងជាមួយគ្រួសាររបស់ពួកគេឡើងវិញ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលជាង១៥ ខែ៕