ភ្នំពេញ ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ ដែលមានពលរដ្ឋរាប់ម៉ឺននាក់ដើរលេងកម្សាន្តនៅតំបន់មាត់ទន្លេ និងតាមសួនច្បារ អាជ្ញាធរខណ្ឌដូនពេញ បានប្រមូលសំរាមដែលសេសសល់ និងចុះបាញ់ទឹកលាងសម្អាតតាមទីធ្លា។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះបែងចែកតាមគោលដៅ ដើម្បីប្រមូលសំរាមដែលនៅសេសសល់ និងបាញ់ទឹកលាងសំអាតតាមមាត់ទន្លេ និងសួនច្បារ ក្នុងមូលដ្ឋាន ដើម្បីឱ្យមានសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់ ល្អប្រសើរឡើងវិញ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចតាមដងទន្លេចតុមុខ និងសួនច្បារនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
កាលពីថ្ងៃទី៣០ ទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា កន្លងមកនេះ ក្នុងរយៈពេល ៣ថ្ងៃនាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋទូទាំងប្រទេសមួយចំនួនបានធ្វើដំណើរកម្សាន្តទៅលេងតាមបណ្តាខេត្ត និងរមណីយដ្ឋាននានាក៏ដូចជាជួបជុំគ្រួសារ និងមានប្រជាពលរដ្ឋមួយចំនួនក៏នៅទីក្រុងភ្នំពេញបានចេញដំណើរទៅតាមបណ្ដាខេត្ត រីឯខ្លះបានធ្វើដំណើរកម្សាន្តក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកនៅតំបន់កោះពេជ្រ មុខព្រះបរមរាជវាំង សួនច្បារវត្តបទុមវត្តី ហើយនៅយប់ថ្ងៃចុងក្រោយនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏មានការកកស្ទះផងដែរ ដោយមានប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តប្រមាណជាង៨០ទៅ៩០ភាគរយ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៩។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នមានការយល់ដឹងច្រើនពីបញ្ហាសំរាម និងមានការវេចខ្ចប់សំរាមរបស់ខ្លួនដែលសេសសល់ ក្នុងនោះលោកឃើញថា សំរាមជាច្រើនត្រូវបានវេចខ្ចប់ជាកញ្ចប់ទៅតាមទីតាំងកំណត់ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រមូល ហើយនៅសេសសល់បន្តិចបន្តួច នៅព្រឹកមិញនេះ រួមជាមួយនឹងខ្យល់បក់ ធ្វើអោយសំរាមមានការរាយប៉ាយនោះ លោកក៏បានបញ្ចេញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានរៀបចំប្រមូលសំរាមដាក់មួយដុំរួចរាល់នឹងរង់ចាំក្រុមហ៊ុនស៊ីនទ្រីធ្វើការប្រមូល។
ជាគោលការណ៍បន្ទាប់ អភិបាលខណ្ឌដូនពេញ បានបញ្ចេញកម្លាំងសហការជាមួយ កម្លាំងសណ្ដាប់សាលារាជធានីភ្នំពេញ ដើម្បីធ្វើការបាញ់លាងសម្អាតកុំអោយមានក្លិនស្អុយ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលមកកម្សាន្តនៅតាមសួនច្បារផងដែរ៕
អត្ថបទ ៖ កុម្ភៈ






