ក្រុមហ៊ុន TikTok គ្រោងនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក សម្រាប់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់នៅថ្ងៃអាទិត្យ ១៩ មករា ខាងមុខនេះ នៅពេលបម្រាមរបស់សហព័ន្ធត្រូវបានកំណត់ឱ្យចូលជាធរមាន ដោយព្រមចុះចាញ់លើកទង់សនៅនាទីចុងក្រោយ នេះបើតាមប្រភពដែលដឹងបញ្ហានេះបាននិយាយកាលពីថ្ងៃពុធ (១៥ មករា)។

សារព័ត៌មាន Washington Post បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលអាណត្តិរបស់លោកចាប់ផ្តើមមួយថ្ងៃបន្ទាប់ពីបម្រាម កំពុងពិចារណាចេញដីកាប្រតិបត្តិដើម្បីផ្អាកការអនុវត្តការបិទអេបនោះរយៈពេលពី ៦០ ទៅ ៩០ ថ្ងៃ ប៉ុន្តែមិនបានបញ្ជាក់ទេថា តើលោកនឹងធ្វើបែបនោះឱ្យស្របតាមច្បាប់បានយ៉ាងដូចម្ដេច។

ច្បាប់ដែលបានចុះហត្ថលេខាកាលពីខែមេសា ផ្តល់ការហាមប្រាមលើការទាញយកកម្មវិធី TikTok ថ្មីនៅលើប្រព័ន្ធទាញយកកម្មវិធីរបស់ Apple ឬ Google ប្រសិនបើក្រុមហ៊ុនមេមានមូលដ្ឋាននៅចិន ByteDance បរាជ័យក្នុងការលក់អេបនេះ។

អ្នកប្រើប្រាស់ដែលបានទាញយក TikTok រួចហើយ ប្រហែលជានៅតែអាចប្រើប្រាស់កម្មវិធីនេះបាន លើកលែងតែច្បាប់នេះក៏ហាមឃាត់ក្រុមហ៊ុនអាមេរិកចាប់ពីថ្ងៃអាទិត្យ ១៩ មករា មិនឱ្យផ្តល់សេវាកម្មដើម្បីបើកដំណើរការចែកចាយ ថែទាំ ឬធ្វើបច្ចុប្បន្នភាព TikTok។ បើបែបនោះមែន TikTok នឹងធ្លាក់គុណភាព រួចចុងក្រោយនឹងត្រូវបិទទាំងស្រុង៕