ដបប្លាស្ទិក និងសំបកកំប៉ុងស្រាបៀរជាច្រើន នៅរាយប៉ាយក្រោមបាតសមុទ្រនៅក្នុងទឹកជុំវិញកោះភូកេត ភាគខាងត្បូងប្រទេសថៃ ដែលកំពុងជួបកំណើនវិបត្តិសំរាម ខណៈកាកសំណល់ក៏កាន់តែគរច្រើនឡើងនៅលើកោះនេះ ដែលជាកន្លែងទេសចរណ៍ល្បីល្បាញដោយសារឆ្នេរខ្សាច់ដ៏ទាក់ទាញ និងថ្ងៃលិចដ៏ស្រស់ស្អាត។

នៅជ្រុងម្ខាងនៃកោះ រថយន្តដឹកទំនិញ និងត្រាក់ទ័រ បានរុញច្រានគំនរសំរាមទៅមកជុំវិញកន្លែងចាក់សំរាមដ៏ធំ ដែលជាគោលដៅចុងក្រោយសម្រាប់កាកសំណល់ច្រើនជាង ១.០០០តោន ដែលប្រមូលបាននៅកោះភូកេត ជារៀងរាល់ថ្ងៃ។

ក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ ទីលានចាក់សំរាមបានរីកធំ និងខ្ពស់ឡើង ដោយបិទបាំងទិដ្ឋភាពភ្នំដ៏ស្ងប់ស្ងាត់ពីមុខផ្ទះអ្នកស្រុក។ ដើម្បីទប់ទល់នឹងក្លិនស្អុយ អ្នកស្រុកជាច្រើនបន្តបើកម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាប្រចាំ ដែលធ្វើឱ្យថ្លៃអគ្គិសនីកើនឡើងទ្វេដង។

លោក ស៊ុបផាឆូកេ ឡាអុងផេត (Suppachoke Laongphet) អភិបាលរងកោះ បាននិយាយថា ត្រឹមដំណាច់ឆ្នាំ កោះនេះអាចនឹងផលិតសំរាមរហូតដល់ ១.៤០០តោនក្នុងមួយថ្ងៃ ដែលលើសចំណុះសម្រាប់កន្លែងចាក់សំរាមតែមួយគត់ និងបង្កជាវិបត្តិសំរាមធ្ងន់ធ្ងរ។ ភូកេត ដែលជាកោះធំជាងគេរបស់ប្រទេសថៃ បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍របស់ខ្លួន ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃទាំងមូល៕