សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះដោយដកស្រង់ប្រភពពីភាគីរុស្ស៊ីថា រុស្ស៊ី និងអ៊ុយក្រែន នឹងរៀបចំកិច្ចពិភាក្សាមានដែនកំណត់ នៅក្នុងប្រទេសកាតា។ប្រព័ន្ធផ្សព្វផ្សាយនេះបានអះអាងថា ការចរចាគឺផ្តោតលើការទប់ស្កាត់ការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរ ស្របពេលជម្លោះរវាងប្រទេសជិតខាងទាំងពីនៅតែបន្ត។

ប្រភពនានាពីអ៊ុយក្រែនរបស់សារព័ត៌មាន Bloomberg បានអះអាងថាការចរចាតែមួយគត់ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរគឺជាប់ពាក់ពាន់ការដោះដូរអ្នកទោស។ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះដែរ ទីក្រុងមូស្គូ និងទីក្រុង គីវ បានបញ្ជាក់ពីការដោះដូរអ្នកទោសចុងក្រោយ សម្រាប់ទាហាន២៥ នាក់មកពីភាគីនីមួយៗ។

យោងតាម Bloomberg វិមានក្រឹមឡាំង ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
កាលពីខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន Washington Post បានអះអាងថា ទីក្រុងមូស្គូ និងក្រុងគីវ កំពុងពិភាក្សាលើការផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅរដូវក្តៅនៃឆ្នាំនោះ ដែលមានការលើកឡើងថា ត្រូវបានសម្របសម្រួលដោយប្រទេសកាតាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដដែលនេះ បាននិយាយថា ការចរចាត្រូវបានរារាំងដោយការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ព្រំដែន ឃើស (Kursk) របស់រុស្ស៊ីកាលពីដើមខែសីហាឆ្នាំមុន៕