ក្រុមយុវជនអ៊ីស្រាអែល បានបិទផ្លូវធំមួយកន្លែងក្នុងទីក្រុងហ្សេរុយសាឡឹម ខណៈពួកគេតវ៉ាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ទី១៥ ខែមករា។

នគរបាល បានឲ្យបាតុករមួយចំនួនចេញពីផ្លូវ ដើម្បីព្យាយាមស្តារលំហូរចរាចរណ៍ឲ្យត្រឡប់ទៅរកភាពធម្មតាវិញ។
ពលរដ្ឋអ៊ីស្រាអែល ប្រមាណ ៣០០នាក់ ភាគច្រើនជាយុវជន បានមកចូលរួមក្នុងការតវ៉ានេះ។
សហរដ្ឋអាមេរិក និងប្រទេសកាតា បាននិយាយថា ក្រុមអ្នកចរចាបានឈានដល់កិច្ចព្រមព្រៀងជាដំណាក់កាលមួយកាលពីថ្ងៃពុធ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល១៥ខែ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបានធ្វើឲ្យឡើងកម្តៅនៅតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងដ៏ស្មុគ្រស្មាញ បញ្ជាក់ពីដំណាក់កាលបទឈប់បាញ់ដំបូងរយៈពេល៦សប្តាហ៍ ហើយរួម ទាំងការដកកងកម្លាំងអ៊ីស្រាអែលជាបន្តបន្ទាប់ចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស បានចាប់ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។