អ្នកស្រុក និងអាជ្ញាធរនៅក្នុងតំបន់ប៉ាឡេស្ទីននិយាយថានៅថ្ងៃព្រហស្បតិ៍ (១៦ មករា) នេះថា អ៊ីស្រាអែល នៅតែបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សា សម្លាប់មនុស្សរាប់សិបនាក់ ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរត្រូវបានប្រកាស ហើយអ្នកសម្រុះសម្រួលចង់ឱ្យបន្ធូរបន្ថយការប្រយុទ្ធ មុនពេលបទឈប់បាញ់ចាប់ផ្តើមនៅថ្ងៃអាទិត្យ (១៩ មករា) ខាងមុខនេះ។

កិច្ចព្រមព្រៀងដ៏ស្មុគស្មាញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កាលពីថ្ងៃពុធ បន្ទាប់ពីមានការសម្របសម្រួលជាច្រើនខែដោយប្រទេសកាតា អេហ្ស៊ីប និងអាមេរិក។ មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា ការទទួលយកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល នឹងមិនទាន់ជាផ្លូវការទេ រហូតដល់វាត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាល ដោយការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ១៦ មករា នេះ។

សេវាសង្គ្រោះបន្ទាន់ស៊ីវិល និងអ្នកស្រុកនិយាយថា ខណៈពលរដ្ឋអបអរកិច្ចព្រមព្រៀងទាំងនៅហ្កាហ្សា និងនៅអ៊ីស្រាអែល យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារបន្ទាប់ពីការប្រកាសបទឈប់បាញ់។
ក្រុមគ្រូពេទ្យនិយាយថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ជាពិសេសនៅក្នុងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សជាង ៣០នាក់កាលពីល្ងាចថ្ងៃពុធ។ អ្នកស្រុកនិយាយថា ការវាយប្រហារបានបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានបំផ្លាញផ្ទះសម្បែងនៅក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្កាហ្សា និងជំរំ នូសៃរ៉ាត់ (Nuseirat) នៅកណ្តាលហ្កាហ្សា ព្រមទាំងនៅភាគខាងជើងដែនដីហ៊ុមព័ទ្ធ៕