ក្រុមបាតុករគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នាំគ្នាអង្គុយនៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) នៅថ្ងៃព្រហស្បតិ៍ ១៦ មករានេះ ដោយស្រែកពាក្យស្លោក និងកាន់បដាផ្សេងៗ។

មេធាវីរបស់លោកបាននិយាយថាលោកYoon ពុំមានបំណងចូលរួមក្នុងការសួរដេញដោលថ្ងៃទី ២នៅថ្ងៃព្រហស្បតិ៍នេះទេ ដោយបានបន្ថែមឧបសគ្គដ៏ធំដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្ម ថាតើលោកបានប្រព្រឹត្តការបះបោរជាមួយនឹងច្បាប់អាជ្ញាសឹករបស់លោកដែរឬទេ។

នៅឯមណ្ឌលឃុំខ្លួនសេអ៊ូល ជាទីដែលលោក Yoon ត្រូវបានឃុំខ្លួនបន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃពុធ ១៥ មករាសប្ដាហ៍នេះ ក្រុមអ្នកគាំទ្រលោក Yoon ដែលកាន់ទង់ជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅខាងក្រៅច្រកចូលដើម្បីប្រឆាំងទៅនឹងការចាប់ខ្លួន ។

លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបញ្ចប់ការប្រឈមដាក់គ្នារយៈពេលមួយសប្តាហ៍ជាមួយអាជ្ញាធរ បន្ទាប់ពីនគរបាលបានឡោមព័ទ្ធមុនពេលព្រឹកព្រលឹមជុំវិញផ្ទះវីឡាលើភ្នំដ៏រឹងមាំរបស់លោកក្នុងទីក្រុងសេអ៊ូល។
ក្រុមអាជ្ញាធរមានពេល ៤៨ ម៉ោងដើម្បីសាកសួរប្រធានាធិបតីដែលត្រូវបានព្យួរតួនាទី បន្ទាប់មកពួកគេត្រូវតែដោះលែងលោកវិញ ឬស្វែងរកដីកាដើម្បីឃុំខ្លួនលោករហូតដល់២០ ថ្ងៃ៕