អ្នកទោស 11J Dariel Cruz បានឱបជីដូនរបស់លោកជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃពុធ ទី១៥ ខែមករា ខណៈប្រទេសគុយបា បានចាប់ផ្តើមដោះលែងអ្នកទោសដែលជាប់ពន្ធនាគារក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០២១។

ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាល លោក Biden បាននិយាយថា ខ្លួននឹងដកប្រទសគុយបាចេញពីបញ្ជីខ្មៅនៃអំពើភេរវកម្ម និងបន្ធូរបន្ថយទណ្ឌកម្មដែលបានដាក់ទៅលើប្រទេសកោះមួយនេះ។ រយៈពេលត្រឹមតែមួយម៉ោងបន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសថា រដ្ឋាភិបាលរបស់លោកមានផែនការ «ដោះលែងអ្នកទោស៥៥៣នាក់ជាបន្តបន្ទាប់»។

ប្រទេសគុយបា បានប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីបានចាប់ក្រុមអ្នកតវ៉ារាប់រយនាក់ដាក់ពន្ធនាគារ ក្នុងការធ្វើកុបកម្មកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ជាចំនួនច្រើនបំផុត ចាប់តាំងពីបដិវត្តន៍ របស់លោក កាស្ត្រូ។
ការតវ៉ាបានមើលឃើញ មនុស្សរាប់ពាន់នាក់ ចេញធ្វើបាតុកម្មក្នុងទីក្រុងនិងក្រុងនានា នៅទូទាំងកោះមួយនេះ ដោយមនុស្សជាច្រើនបានរិះគន់រដ្ឋាភិបាល ចំពោះកង្វះស្បៀង ឱសថ និងអគ្គិសនី ក្នុងពេលមានករណីវីរុសឆ្លងកូរ៉ូណា កំពុងកើនឡើង។
ប្រទេសគុយបា អះអាងថា អ្នកដែលជាប់ពន្ធនាគារក្នុងសការតវ៉ាឆ្នាំ២០២១ ជាអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម មានចាប់ពីការបំផ្លិចបំផ្លាញ រហូតដល់ការបះបោរ។
កង្វះស្បៀងអាហារ ប្រេងឥន្ធនៈ ឱសថ និងអគ្គិសនី នៅក្នុងប្រទេសគុយបា បានធ្វើឱ្យមានជនភៀសខ្លួនដ៏ច្រើនលើសលប់ ចេញពីប្រទេសកោះនេះ។
ប្រជាជនគុយបា យ៉ាងហោចណាស់១លាននាក់ បានចាកចេញតាមផ្លូវគោក និងសមុទ្រ ចាប់តាំងពីឆ្នាំ២០២០ ដែលភាគច្រើនទៅកាន់សហរដ្ឋអាមេរិក។