សាកសពមនុស្សយ៉ាងហោចណាស់៧៨នាក់ ត្រូវបានទាញចេញពីអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលនគរបាលបានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ និងទឹក រយៈពេលជាច្រើនខែមកហើយ ជាអ្វីដែលសហជីពជាច្រើនចាត់ទុកថាជា «ការបង្ក្រាបដ៏គួរឱ្យរន្ធត់» លើមនុស្សអស់សង្ឃឹមដែលព្យាយាមស្វែងរកការចិញ្ចឹមជីវិត។

អ្នកនៅរស់រានមានជីវិតសរុប២៤៦នាក់ មួយចំនួនស្គមស្លេកស្លាំងនិងវង្វេងស្មារតី ត្រូវបានគេនាំយកមកខាងលើ ពីអណ្តូងរ៉ែ ហើយត្រូវបានចាប់ខ្លួនភ្លាមៗពីបទជីករ៉ែនិងអន្តោប្រវេសន៍ខុសច្បាប់ ចាប់តាំងពីប្រតិបត្តិការជួយសង្គ្រោះដែលចេញសេចក្តីបង្គាប់ដោយតុលាការ។

អ្នកនាំពាក្យនគរបាលបានប្រាប់អ្នកសារព័ត៌មាន នៅកន្លែងនោះថា ក្រុមអ្នកស្ម័គ្រចិត្ដ ដែលបានចុះទៅអណ្តូងរ៉ែ មានចម្ងាយ២គីឡូម៉ែត្រក្រោមដី បានប្រាប់នគបាលកាលពីល្ងាចថ្ងៃពុធ ទី១៥ ខែមករា ថា ពួកគេមិនអាចមើលឃើញនរណាម្នាក់នៅសល់ នៅក្នុងរូងក្រោមដីនោះទេ។
អ្នកនាំពាក្យរូបនេះ និយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងបន្តធ្វើការនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ ដើម្បីធ្វើឱ្យប្រាកដថា សាកសពនិងអ្នកនៅរស់រានមានជីវិតទាំងអស់ត្រូវបានរកឃើញ។
កាលពីពេលមុន មានការព្រួយបារម្ភថា មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ទៀត អាចនៅតែជាប់ក្នុងអណ្តូងរ៉ែ នេះ។
ការជីកយករ៉ែខុសច្បាប់ គឺជារឿងធម្មតានៅក្នុងតំបន់មួយចំនួននៅអាហ្វ្រិកខាងត្បូង ដែលសម្បូរដោយរ៉ែមាស។ ជាធម្មតា អ្នករុករករ៉ែ គ្មានឯកសារបានឆ្លៀតឱកាស ចូលទៅក្នុងអណ្តូងរ៉ែដែលត្រូវបានគេបោះបង់ចោល ដោយអ្នករុករករ៉ែពាណិជ្ជកម្ម ហើយស្វែងរកអ្វីដែលនៅសេសសល់ ដោយមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនហិង្សា។