នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក ដូណាល់ ដាស់(Donald Tusk) បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែមករា ថា ប្រទេសរុស្ស៊ី រៀបចំផែនការធ្វើសកម្មភាព «ភេរវកម្មតាមអាកាស» លើក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក ដោយចោទប្រកាន់ទីក្រុងមូស្គូ ពីបទបង្កការបំផ្លិចបំផ្លាញ និងការបង្វែរទិសដៅលើទឹកដីប្រទេសប៉ូឡូញ និងលើសពីនេះ។

លោក បានធ្វើសេចក្តីប្រកាសបែបនេះ ខណៈធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy សម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាសាវី នៅប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ចូលកាន់តំណែង។

សហភាពអឺរ៉ុប និងប្រទេសប៉ូឡូញដែលជាសមាជិកសម្ព័ន្ធយោធាណាតូ គឺជាសម្ព័ន្ធមិត្តធំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី ចាប់ផ្តើមសង្រ្គាមប្រឆាំងទីក្រុងគីវ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក Tusk បានប្រាប់អ្នកសារព័ត៌មានថា «ទាំងអស់នេះ ខ្ញុំអាចនិយាយបាន ហើយខ្ញុំនឹងមិននិយាយលម្អិតនោះទេ ប៉ុន្តែខ្ញុំអាចបញ្ជាក់ពីការព្រួយបារម្ភទាំងនេះថា រុស្ស៊ីមានផែនការធ្វើភេរវកម្មតាមអាកាស ហើយមិនត្រឹមតែប្រឆាំងប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក» ។
កាលពីខែវិច្ឆិកា ប្រទេសលីទុយអានី បានអនុវត្តការចាប់ខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងការបញ្ជូនឧបករណ៍បង្កអគ្គិភ័យនៅលើយន្តហោះ ដែលធ្វើដំណើរទៅលោកខាងលិច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡូញ និងលីទុយអានី បានឲ្យដឹងថា ឧបករណ៍ រួមមានឧបករណ៍ម៉ាស្សាអគ្គិសនីបង្កប់សារធាតុងាយឆេះ ត្រូវបានបញ្ជូនពីប្រទេសលីទុយអានី ទៅកាន់ចក្រភពអង់គ្លេសកាលពីខែកក្កដា ហើយអាចនៅពីក្រោយអគ្គិភ័យឆេះរថយន្តដឹកទំនិញនៅខាងក្រៅទីក្រុងវ៉ាសាវី។