មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ(UNICEF) បាននិយាយកាលពីថ្ងៃពុធថា អង្គការបានទទួលមូលនិធិចំនួន១,៥លានដុល្លារអាមេរិកពីអង្គការ Education Cannot Wait (ECW) ជាមូលនិធិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការអប់រំក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយតម្រូវការបន្ទាន់ផ្នែកអប់រំ និងផ្លូវចិត្តរបស់កុមារជាជនភៀសខ្លួនស៊ូដង់ នៅក្នុងប្រទេសលីប៊ី។

លោក Mohammad Fayyazi តំណាងអង្គការUNICEF ប្រចាំប្រទេសលីប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការរួមចំណែកនេះបានមកពីអង្គការ ECW អនុញ្ញាតឱ្យយើងដោះស្រាយគម្លាតនៃការអប់រំដ៏សំខាន់សម្រាប់កុមារភៀសខ្លួនជាជាតិស៊ូដង់នៅក្នុងប្រទេសលីប៊ី ដោយធានាបានថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។

សេចក្តីថ្លែងការណ៍បាននិយាយថា កម្មវិធីដែលកំណត់ដើម្បីបានទៅដល់កុមារ១៩.០០០នាក់នៅទូទាំងប្រទេសលីប៊ី ផ្តល់ទាំងឱកាសសិក្សាផ្លូវការនិងក្រៅផ្លូវការ ដោយធានាថា កុមារដែលកំពុងប្រឈមមុខនឹងឧបសគ្គ ដូចជាកង្វះឯកសារ នៅតែអាចចូលរៀនបាន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កម្មវិធីនេះ ក៏រួមបញ្ចូលផងដែរនូវជំនួយផ្នែកសុខភាពផ្លូវចិត្ត និងនិងការគាំទ្រផ្នែករាងកាយក្នុងការដោះស្រាយបញ្ហារងរបួស និងបញ្ហាប្រឈមនានាដែលកុមាររងគ្រោះដោយការភៀសខ្លួន និងអំពើហិង្សា។
យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ចំនួនជនភៀសខ្លួនស៊ូដង់ ដែលស្វែងរកសុវត្ថិភាពក្នុងប្រទេសលីប៊ីបានកើនឡើងទ្វេដង ដោយមានការប៉ាន់ប្រមាណថាមានចំនួន៤០០នាក់ចូលទៅក្នុងប្រទេសនេះជារៀងរាល់ថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០២៤។