ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៦ មករា) នេះថា អាជ្ញាធរបានចាប់ផ្តើមជម្លៀសអ្នកស្រុកចំនួន ៣.០០០នាក់ នៅជិតភ្នំភ្លើង អ៊ីប៊ូ (Ibu) នៅលើកោះ ហាល់ម៉ាហេរ៉ា (Halmahera) ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការផ្ទុះមួយកើតឡើងក្នុងសប្តាហ៍នេះ បានបញ្ជូនសំណុំផេះដ៏ក្រាស់កម្ពស់ដល់ទៅ ៤គីឡូម៉ែត្រ ទៅលើមេឃ។

ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី និយាយថា ភ្នំភ្លើងអ៊ីប៊ូ បានផ្ទុះនៅព្រឹកថ្ងៃពុធ ប្រហែលពីរនាទី ដោយបង្ខំឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរបំផុតនៅតំបន់ជុំវិញនោះ។

លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយថា ការជម្លៀសបានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធ សម្រាប់អ្នកស្រុកប្រហែល ៣.០០០នាក់ នៅជុំវិញតំបន់អាទិភាពដោយសារតែពួកគេនៅជិតភ្នំភ្លើង។

សកម្មភាពបន្តុះរបស់ភ្នំភ្លើងអ៊ីប៊ូ បានកើតឡើងបន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៃភ្នំភ្លើងផ្សេងៗគ្នានៅឥណ្ឌូនេស៊ី ដែលស្ថិតនៅលើ "តំបន់កងភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក និងមានភ្នំភ្លើងបន្ទុុះសកម្មចំនួន ១២៧កន្លែង។ អ៊ីប៊ូ មានការផ្ទុះជាបន្តបន្ទាប់កាលពីឆ្នាំមុន ហើយកាលពីខែឧសភា ការផ្ទុះក៏បានបង្ខំឱ្យមានការជម្លៀសប្រជាជនជាច្រើនដែលរស់នៅក្នុងភូមិចំនួន៧ នៅក្បែរនោះ៕