ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចបន្តរយៈពេល ៦ខែនូវតម្រូវការសម្រាប់លោកអគ្គលេខាធិការ ដើម្បីផ្តល់របាយការណ៍ប្រចាំខែស្តីពីការវាយប្រហារដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន ប្រឆាំងនឹងនាវា នៅក្នុងសមុទ្រក្រហម។

កាតព្វកិច្ចរាយការណ៍នេះ ត្រូវបានបង្កើតឡើងដោយការអនុម័តសេចក្តីសម្រេចលេខ ២៧២២ ក្នុងខែ មករា ឆ្នាំ ២០២៤ ដែលត្រូវបានដាក់ចេញ ជាការឆ្លើយតបទៅនឹងការវាយប្រហារម្តងហើយម្តងទៀត ទៅលើការដឹកជញ្ជូនពាណិជ្ជកម្ម។ ក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាបន្តដាក់គោលដៅលើនាវា រហូតដល់ អ៊ីស្រាអែលបញ្ចប់សង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា។

ការវាយប្រហារនេះ បានជំរុញឲ្យមានការវាយប្រហារសងសឹក ទៅលើគោលដៅរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបបានចាប់ផ្តើមប្រតិបត្តិការ Aspides ជាបេសកកម្មការពារមានមូលដ្ឋាននៅប្រទេសក្រិក ដែលមានគោលបំណងការពារ និងអមដំណើរនាវា នៅក្នុងសមុទ្រក្រហម ប៉ុន្តែមិនបានចូលរួមក្នុងសកម្មភាពវាយលុកណាមួយឡើយ។
អត្ថបទនៃសេចក្តីសម្រេចបន្តពេលវេលានេះ ត្រូវបានព្រាងដោយប្រទេសក្រិក និងសហរដ្ឋអាមេរិក ដែលជាសហប្រធានទទួលបន្ទុកដោះស្រាយបញ្ហានៃវិបត្តិសមុទ្រក្រហម។ សមាជិកក្រុមប្រឹក្សាសន្តិសុខ១២រូប បានបោះឆ្នោតគាំទ្រ ខណៈអាល់ហ្សេរី ចិន និងរុស្ស៊ី អនុប្បវាទ។