ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តីប្រភពសន្តិសុខអេ ហ្ស៊ីបថា ការសម្របសម្រួល កំពុងដំណើរការដើម្បី «បើកច្រកព្រំដែនRafah ខាងប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យជំនួយអន្តរជាតិ ចូលទៅដល់តំបន់ហ្កាហ្សា។

សារព័ត៌មាន រដ្ឋ Al-Ahram បានលើកឡើងថា ប្រទេសអេហ្ស៊ីប «កំពុងរៀបចំ ដើម្បីនាំយកជំនួយដ៏ច្រើន បំផុត ដែលអាចធ្វើទៅបានទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប» បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវសម្រេចបានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

សារព័ត៌មាននេះ បានដកស្រង់របាយការណ៍ពីសារព័ត៌មាន Al-Qahera News ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្នែកស៊ើបការណ៍សម្ងាត់របស់រដ្ឋ។
ក្រុមអ្នកសម្រុះសម្រួល បាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរ ដែលត្រូវគេឃុំខ្លួននៅតំបន់ហ្កា ហ្សា ប៉ុន្តែអ៊ីស្រាអែល បានព្រមានថា ចំណុចជាប់គាំងចុងក្រោយចាំបាច់ត្រូវតែដោះស្រាយ។
សម្ពាធដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ បានកើនឡើ ងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអ្នកសម្រុះសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។
ច្រកព្រំដែន Rafah ត្រូវបានបិទតាំងពីខែឧសភា ឆ្នាំមុន នៅពេលដែលយោធាអ៊ីស្រាអែល បានដណ្តើមយកតំបន់នោះមកគ្រប់គ្រង និងបានបិទច្រកឆ្លងកាត់នេះ ខាងប៉ាឡេស្ទីន។