ក្រុមឃ្លាំមើលសង្គ្រាម និងប្រភពសុខាភិបាល បាននិយាយថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើគោលដៅយោធា ដែលជាកម្មសិទ្ធិរបស់អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី ជាលើកដំបូង កាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សបីនាក់។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថា៖«យានដ្រូនរបស់អ៊ីស្រាអែល បានបើកការវាយប្រហារមួយទៅលើក្បួនរថយន្តយោធា...ដោយបានសម្លាប់សមាជិកពីរនាក់នៃនាយកដ្ឋានប្រតិបត្តិការយោធា និងជនស៊ីវិលម្នាក់ នៅក្នុងតំបន់ Quneitra ភាគខាងត្បូងប្រទេសស៊ីរី។
ប្រភពវេជ្ជសាស្ត្រ បានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីក្នុងតំបន់ម្នាក់មកពីតំបន់ Ghadir Al-Bustan ស្ថិតក្នុងចំណោមអ្នកស្លាប់បីនាក់ ក្នុងការវាយប្រហារនេះ។
លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដែលមានបណ្តាញប្រភពនៅក្នុងប្រទេសស៊ីរី បាននិយាយថា៖«នេះគឺជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែល កំណត់គោលដៅទៅលើកងកម្លាំងសន្តិសុខរបស់អាជ្ញាធរថ្មី»។