បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពស៊ើបអង្កេត កាលពីថ្ងៃពុធ (ទី១៥ ខែមករា) សំឡេងលាយឡំចម្រុះ ក្នុងចំណោមក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងការឃុំខ្លួនលោក Yoon បានបន្លឺឡើងយ៉ាងកងរំពងនៅពីមុខគេហដ្ឋានរបស់លោក ក្នុងសង្កាត់ Hannam-dong របស់តំបន់ Yongsan-gu នៅកណ្តាលទីក្រុងសេអ៊ូល។
ចាប់ពីម៉ោងប្រហែល ៥ព្រឹក នៅតាមដងវិថី Hannamdaero ចំនួនបាតុករទាំងគាំទ្រ និងប្រឆាំងលោក Yoon បានចាប់ផ្តើមកើនឡើង ដោយភាគីម្ខាងទាមទារឲ្យឃុំខ្លួនលោក និងម្ខាងទៀតស្រែកហៅឈ្មោះលោកបង្ហាញការគាំទ្រ ខណៈរិះគន់សកម្មភាពនគរបាលថា ខុសច្បាប់។ បើយោងតាមមន្រ្តីនគរបាល នៅទីកន្លែងនោះ បានប្រាប់ឲ្យដឹងថា វិថី Hannamdaero ដែលបានក្លាយជាកន្លែងជួបជុំទាំងពីបាតុករគាំទ្រ និងប្រឆាំងលោក Yoon បន្ទាប់ពីមានការប៉ុនប៉ងបរាជ័យលើកដំបូង ក្នុងការចាប់ខ្លួនលោក កាលពីថ្ងៃទី៣ ខែមករា បានឃើញមានអ្នកគាំទ្រប្រហែល ៦.៥០០នាក់ និងបាតុករប្រឆាំងប្រហែល ២០០នាក់ កាលពីព្រឹកថ្ងៃទី១៥ ខែមករា។
បាតុករមកពីភាគីទាំង២ ក៏អាចត្រូវបានគេឃើញថា កំពុងឈ្លោះគ្នា ហើយការប៉ះទង្គិចគ្នាបន្តិចបន្តួច រវាងនគរបាល និងអ្នកគាំទ្រ ចំពោះលោក Yoon បានបណ្តាលឲ្យមានការពន្យារពេលធ្វើចរាចរណ៍ នៅក្បែរនោះ។ ហើយបន្ទាប់ពីមានព័ត៌មានថា លោក Yoon ត្រូវបានចាប់ខ្លួន នៅម៉ោង ១០:៣៣នាទីព្រឹក (ម៉ោងក្នុងស្រុក) អ្នកគាំទ្រជាច្រើន បានលុតជង្គង់ទៅដីអមដោយទឹកភ្នែកធ្លាក់ចុះមក។

អ្នកគាំទ្រម្នាក់បានរៀបរាប់ទាំងយំស្រែកថា៖ «រឿងនេះមិនអាចកើតឡើងបានទេ។ នេះគ្រាន់តែជាសុបិនប៉ុណ្ណោះ»។ អ្នកគាំទ្រម្នាក់ដែលសុំឲ្យស្គាល់ឈ្មោះត្រឹមនាមត្រកូល Kang បានប្រាប់សារព័ត៌មាន The Korea Herald ថា៖ «ការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ និងនគរបាល កំពុងដំណើរការរឿងហួសហេតុពេកហើយ។ អ្នកដែលចេញមកគាំទ្រថ្ងៃនេះ គឺជាក្រុមតែមួយគត់ដែលឈរខាងលោក។ តើលោកបានធ្វើអ្វីខុសទៅ ទើបមានវិធានការធ្ងន់ធ្ងរបែបនេះ ចំពោះលោក?»។
បន្ទាប់ពីត្រូវបានបញ្ជាក់ថា លោក Yoon នឹងត្រូវបានសាកសួរដោយ CIO (ការិយាល័យស៊ើបអង្កេតអំពើពុករលួយ) ចាប់ពីម៉ោង ១១ព្រឹក (ម៉ោងក្រុងស្រុក) ក្រុមអ្នកតវ៉ាប្រឆាំងលោក Yoon បានចាប់ផ្តើមស្រែកថា «តស់នាំគ្នាទៅ CIO» យ៉ាងស្រុះគ្នា។ ហើយពេលឮថា លោក Yoon ត្រូវបានឃុំខ្លួន ក្រុមអ្នកតវ៉ាប្រឆាំងលោក Yoon បានចាប់ផ្តើមអបអរ ខណៈដែលក៏បានស្រែកផងដែរថា «យើងឈ្នះហើយ» និងច្រៀងចម្រៀងអបអរ៕


