ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃពុធ (ទី១៥ ខែមករា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងចេញការគ្រប់គ្រងការនាំចេញថ្មី លើឧបករណ៍ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ ដោយសារតែមានក្ដីបារម្ភ អំពីសន្តិសុខជាតិដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ។

ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីកង្វល់ ដែលថា ប្រទេសចិនអាចប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពយោធា និងជួយផលិតអាវុធថ្មីៗ តាមរយៈ AI។ ក្រសួងពាណិជ្ជកម្មបានប្រាប់ថា ឧបករណ៍មន្ទីរពិសោធន៍ អាចត្រូវបានប្រើ ដើម្បី «ធ្វើឲ្យប្រសើរឡើងដល់ប្រតិបត្តិការរបស់មនុស្ស ចំណុចប្រទាក់ខួរក្បាល-ម៉ាស៊ីន សម្ភារៈសំយោគជំរុញដោយជីវសាស្រ្ត និងសូម្បីតែអាចជាអាវុធជីវសាស្រ្ត»។
ការគ្រប់គ្រងការនាំចេញថ្មីដែលរឹតបន្តឹងលើការនាំចេញទៅកាន់ចិន និងប្រទេសផ្សេងទៀត ដោយគ្មានអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិកនេះ គឺមានចំពោះឧបករណ៍វាស់ស្ទង់លំហូរប៉ារ៉ាម៉ែត្រកម្រិតខ្ពស់ និងឧបករណ៍វាស់ស្ទង់សមាសភាពមួយចំនួនធំផ្សេងទៀត ដែលក្រសួងពាណិជ្ជកម្មបានលើកឡើងថា អាច «បង្កើតទិន្នន័យជីវសាស្ត្រដែលមានគុណភាពខ្ពស់ និងមាតិកាខ្ពស់ ក្នុងនោះរួមទាំងអ្វីដែលថា ងាយស្រួលដល់ការប្រើប្រាស់ ក្នុងការជួយសម្រួលដល់ការអភិវឌ្ឍ AI និងឧបករណ៍រចនាជីវសាស្រ្ត»។
នេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរឹតបន្តឹងផ្នែកបច្ចេកវិទ្យារបស់អាមេរិក ចំពោះប្រទេសចិន។ កាលថ្ងៃទី១៣ ខែមករា ក្រសួងពាណិជ្ជកម្មបានចាត់វិធានការរឹតបន្តឹងបន្ថែមទៀតលើបន្ទះឈីប AI និងការនាំចេញបច្ចេកវិទ្យាពីប្រទេសចិន ក្នុងគោលបំណងជួយឲ្យសហរដ្ឋអាមេរិកបន្តភាពគ្របដណ្ដប់របស់ខ្លួន ក្នុងវិស័យ AI នៅជុំវិញពិភពលោក៕

