ភ្នំពេញ ៖ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ក្រសួងពាណិជ្ជកម្មបានបង្ហាញមុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា ៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច នៅក្នុងពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, កម្ពុជាបានធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ខ្លួន ទៅក្នុងតំបន់ និងអន្តរជាតិជាបន្តបន្ទាប់។
ឯកឧត្តម បន្ដថា ជាមួយនឹងការខិតខំ នាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យ ក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចុះហត្ថលេខា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសមួយចំនួនទៀត ដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។
ចំពោះការដាក់កំណត់មុខទំនិញទាំង១០មុខនេះ ត្រូវបានវិស័យឯកជន ដែលកំពុងតែរកស៊ីនាំចេញនៅក្នុងវិស័យកសិកម្ម បានសម្ដែងការសារទរ និងគាំទ្រ ដើម្បីទាញប្រយោជន៍ ឲ្យបានកាន់តែច្រើន ជំរុញការនាំចេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន, កូរ៉េ និងអាសិប ដែលនឹងត្រូវបាន ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ វណ្ណៈ





