ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធ (ទី១៥ ខែមករា) នេះ បានបញ្ជាឲ្យពន្យារពេល ២ឆ្នាំនៃកម្មវិធីអនុញ្ញាតឲ្យអ្នកស្រុកទីក្រុងហុងកុងរស់នៅសហរដ្ឋអាមេរិក ដែលភាគច្រើនបានភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ប្រទេសចិន ស្នាក់នៅបន្ត ទោះទិដ្ឋាការរបស់ពួកគេ អស់សុពលភាព។
ការពន្យារពេលនេះ ដែលមានត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលកម្មវិធីនេះត្រូវផុតកំណត់ ទំនងជានឹងបន្ថែមភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលរដ្ឋបាលនាពេលខាងមុខរបស់លោក Donald Trump បានប្តេជ្ញាប្រឈមជាមួយប្រទេសចិន «យ៉ាងខ្លាំងក្លា» និងរារាំងរាល់ការលុកលុយលើកោះតៃវ៉ាន់។
នេះជាលើកទី២ ហើយ ដែលលោក Biden បន្តកម្មវិធីនេះ។ លោកក៏បានពន្យារពេល ២ឆ្នាំបែបនេះដែរ ក្នុងឆ្នាំ២០២២។ លោក Biden បាននិយាយក្នុងអនុស្សរណៈរបស់ប្រធានាធិបតីថា៖ «ការផ្តល់ជម្រកសុវត្ថិភាព សម្រាប់អ្នកស្រុកហុងកុងដែលត្រូវបានដកហូតសិទ្ធិសេរីភាព នៅក្នុងទីក្រុងហុងកុង ផ្ដល់នូវអត្ថប្រយោជន៍បន្ថែមទៀតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់»។
លោក បានបន្ថែមថា៖ «សហរដ្ឋអាមេរិកគាំទ្រសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់អ្នកស្រុកហុងកុង។ សាធារណរដ្ឋប្រជាមានិតចិន (PRC) បានបន្តធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពទាំងនោះយ៉ាងខ្លាំងក្លា»៕