ប្រទេសកាណាដាបានរៀបចំបញ្ជីឈ្មោះដំបូងគិតជាទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារកាណាដា (ប្រមាណជាជាង ១១០ពាន់លានដុល្លារ) នៃទំនិញផលិតដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវប៉ះពាល់ដោយការដំឡើងពន្ធ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump សម្រេចយកពន្ធខ្ពស់ជាងមុនលើទំនិញកាណាដា។ នេះបើយើងតាមមន្ត្រីដែលដឹងពីបញ្ហានេះ។
ដោយនិយាយក្នុងលក្ខខណ្ឌដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញពីការពិភាក្សាផែនការនេះ បុគ្គលរូបនោះ បានប្រាប់ថា បញ្ជីនេះ គឺជាសេចក្តីព្រាង ហើយនឹងចូលជាធរមានបាន លុះត្រាណាតែរដ្ឋបាល លោក Trump ចាត់វិធានការជាមុន។
បុគ្គលនោះបានបន្ថែមថា ការយកពន្ធបន្ថែមទៀតពីប្រទេសកាណាដា អាចនឹងត្រូវបានដាក់បន្ថែមនៅពេលក្រោយ ដោយអាស្រ័យលើអ្វីដែលសហរដ្ឋអាមេរិកធ្វើ។ ផលិតផលនៅក្នុងបញ្ជីដំបូងនេះ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
គួររំលឹកថា នៅពេលដែលលោក Trump បានដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាក្នុងឆ្នាំ២០១៨ កាណាដាបានឆ្លើយតបជាមួយនឹងការយកពន្ធបន្ថែមលើទំនិញជាច្រើនប្រភេទផលិតដោយសហរដ្ឋអាមេរិក ដូចជាស្រាវីស្គី និងម៉ាស៊ីនបោកគក់ជាដើម ជាយុទ្ធសាស្ត្រដាក់សម្ពាធដែលមានបំណងធ្វើឲ្យប៉ះពាល់ដល់រោងចក្រ នៅក្នុងតំបន់ដែលអ្នកនយោបាយរបស់គណបក្សសាធារណរដ្ឋមានឥទ្ធិពលលើ។
ការយកពន្ធបន្ថែមទាំងនោះ មានទំហំតូចជាងច្រើន ដោយប៉ះពាល់ដល់ការនាំចេញរបស់អាមេរិកប្រហែល ១៦,៦ពាន់លានដុល្លារកាណាដាប៉ុណ្ណោះ នាពេលនោះ៕