រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares Bueno បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអេស្ប៉ាញ នឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១០ លានអឺរ៉ូ ដល់កងកម្លាំងប្រដាប់អាវុធលីបង់។
លោក Bueno បានធ្វើការប្រកាស បន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅវិមាន Baabda Palace ក្នុងរដ្ឋធានីបេរូត( Beirut) របស់ប្រទេសលីបង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីលីបង់។
រដ្ឋមន្ត្រីអេស្ប៉ាញដែលកំពុងបំពេញទស្សនកិច្ចនេះ បាននិយាយថា ប្រទេសរបស់លោក នឹងបន្តគាំទ្រប្រទេសលីបង់ ក្នុងការធានាស្ថិរភាព និងការសម្របសម្រួលការឆ្លើយតបផ្នែកមនុស្សធម៌ ជាពិសេសតាម រយៈការជួយដល់កងទ័ព និងការចូលរួមនៅក្នុងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់។
លោកបានបញ្ជាក់ថា ប្រាក់១០លានអឺរ៉ូ នឹងត្រូវប្រើសម្រាប់បើកប្រាក់ខែ និងផ្តល់ជំនួយផ្នែកភ័ស្តុភារសម្រាប់កងទ័ព។
លោក Bueno បាននិយាយថា ប្រទេសរបស់លោកថ្កោលទោសរាល់ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការដាក់ពង្រាយកងទ័ពលីបង់ នៅភាគខាងត្បូងនៃទន្លេ Litani ដើម្បីសុវត្ថិភាពទាំងពលរដ្ឋលីបង់ និងអ៊ីស្រាអែល។