នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយទីក្រុងគីវ ដែលជាការបង្ហាញជាសាធារណៈនូវការគាំទ្រដល់ប្រធានាធិបតី លោក Volodymyr Zelenskiy មុនពេលលោក Donald Trump វិលត្រលប់ទៅកាន់អំណាចវិញ នៅសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់លោក Starmer កើតមានឡើង ២ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយបណ្ដាមេដឹកនាំអឺរ៉ុប កំពុងថ្លឹងថ្លែងពីការធានាសន្តិសុខ ពោលគឺជាអ្វីដែលពួកគេអាចផ្តល់ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចនឹងត្រូវបានជំរុញ ដោយលោក Trump។
លោក Starmer ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសអ៊ុយក្រែន គិតចាប់តាំងពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីខែកក្កដាឆ្នាំមុន គ្រោងនឹងចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ១០០ឆ្នាំជាមួយក្រុងគីវ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងវប្បធម៌។
ជាមួយគ្នានេះ សន្ធិសញ្ញា និងសេចក្តីប្រកាសនយោបាយ ដែលនឹងត្រូវពិចារណាដោយសភារបស់ចក្រភពអង់គ្លេស នាសប្តាហ៍ខាងមុខ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា ដើម្បីពង្រឹងសន្តិសុខ នៅសមុទ្របាល់ទិក សមុទ្រខ្មៅ និងសមុទ្រ Azov ហើយរារាំងការលុកលុយរបស់រុស្ស៊ី។
ហើយការិយាល័យរបស់លោក Starmer បានប្រាប់ឲ្យដឹងថា សន្ធិសញ្ញានេះក៏នឹងគ្របដណ្តប់ផងដែរ លើវិស័យផ្សេងទៀត ដូចជាថាមពល រ៉ែសំខាន់ៗ និងការផលិតដែកថែបពណ៌បៃតងជាដើម៕