សហរដ្ឋអាមេរិកបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងអតីតប្រធានពន្ធនាគារស៊ីរីដ៏ល្បីល្បាញមួយដែលត្រូវបានចោទប្រកាន់ពីបទកុហកអំពីអតីតកាលរបស់គាត់ ក្នុងការប៉ុនប៉ង ដើម្បីទទួលបានសញ្ជាតិអាមេរិក។ នេះបើយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក។
លោក Samir Ousman Alsheikh អាយុ ៧២ ឆ្នាំ បានមើលការខុសត្រូវចំពោះការរំលោភបំពានជាក់ស្តែងទៅលើអ្នកទោសធ្ងន់ធ្ងរ ខណៈដែលលោកជាប្រធានពន្ធនាគារ Adra ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០។ នេះបើយោងតាមការចោទប្រកាន់ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតុលាការសហព័ន្ធ ក្នុងទីក្រុង Los Angeles។
លោក Alsheikh ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយប្អូនប្រុសរបស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ (Bashar al-Assad) បានរស់នៅក្នុងរដ្ឋ South Carolina នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន កាលពីខែមុន បន្ទាប់ពីបានទិញសំបុត្រយន្តហោះសម្រាប់តែមួយជើង ទៅកាន់ទីក្រុងBeirut ប្រទេសលីបង់។ នេះបើយោងតាមឯកសាររបស់តុលាការ។
កំណត់ត្រារបស់តុលាការ បង្ហាញថា ចៅក្រមសហព័ន្ធ បានបញ្ជាឲ្យឃុំខ្លួនគាត់។ មេធាវីរបស់លោក Alsheikh មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។