ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បានប្រាប់ថា ការឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា តំណាងឲ្យ «ជ័យជម្នះដ៏មហស្ចារ្យ» សម្រាប់ការតស៊ូរបស់ប៉ាឡេស្ទីន។
ក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀង ដើម្បីឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលអ្នកសម្រុះសម្រួល បានប្រាប់ថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។
កិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលជាប់ឃុំខ្លួន នៅទីនោះ អំឡុងពេលមានជម្លោះរយៈពេល ១៥ខែ ដែលបានបំផ្លិចបំផ្លាញដែនដីនេះយ៉ាងធ្ងន់ធ្ងរ និងបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។

សេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍នេះ បានលើកឡើងថា៖ «ការបញ្ចប់សង្រ្គាម និងការដាក់ចេញនូវបទឈប់បាញ់លើរបបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) គឺជាជ័យជម្នះយ៉ាងប្រចក្ស និងដ៏មហស្ចារ្យ សម្រាប់ប៉ាឡេស្ទីន និងជាការបរាជ័យដ៏ធ្ងន់ធ្ងរ សម្រាប់របបគាំទ្រលទ្ធិហ្សាអឺន»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ រួមជាមួយក្រុមសម្ព័ន្ធមិត្តប្រដាប់អាវុធមិនមែនរដ្ឋ នៅក្នុងតំបន់ ដូចជាក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន និងក្រុមហេសបូឡារបស់ប្រទេសលីបង់ បានគាំទ្រក្រុមហាម៉ាសពេញមួយជម្លោះ នៅតំបន់ហ្កាហ្សានេះ៕


