សភាប៊ុលហ្គារី នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បានអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីដឹកនាំដោយអតីតប្រធានសភាលោក Rosen Zhelyazkov ដោយការយល់ព្រមនេះបានបញ្ចប់ការចរចាជាច្រើនខែ ស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះ។
ក្រុមប្រកាន់ស្តាំនិយមកណ្ដាល គឺគណបក្ស GERB បានឈ្នះការបោះឆ្នោត កាលពីខែតុលាឆ្នាំមុន ដែលជាការរៀបចំឡើងជាលើកទី៧ នៅរដ្ឋបាល់កង់មួយនេះ ក្នុងរយៈពេល ៤ឆ្នាំ ប៉ុន្តែត្រូវជួបប្រទះនឹងការចរចាយ៉ាងតានតឹងជាមួយគណបក្សនយោបាយផ្សេងទៀតអស់រយៈពេលជាង ២ខែ ដើម្បីបង្កើតរដ្ឋាភិបាល។
លោក Zhelyazkov ដែលត្រូវបានស្នើជាបេក្ខជននាយករដ្ឋមន្ត្រីដោយសមាជិកសភាភាគច្រើនរបស់ក្រុម GERB-SDS បានទទួលអាណត្តិពីប្រធានាធិបតី លោក Rumen Radev កាលពីថ្ងៃពុធ (ទី១៥ ខែមករា) ដើម្បីបង្កើតរដ្ឋាភិបាល។
សមាជិកសភាប្រមាណជា ១២៥នាក់ នៅឯរដ្ឋសភាដែលមាន ២៤០អាសនៈ បានអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីដែលត្រូវបានស្នើឡើងរបស់លោក Zhelyazkov នៅក្នុងការបោះឆ្នោត នាថ្ងៃព្រហស្បតិ៍នេះ ដោយបើកផ្លូវឲ្យរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
គួរបញ្ជាក់ថា ប៊ុលហ្គារី ដែលជាប្រទេសសមាជិកក្រីក្របំផុតរបស់សហភាពអឺរ៉ុប និងជារដ្ឋពុករលួយបំផុត ត្រូវបានញាំញីដោយការប្ដូររដ្ឋាភិបាលជាញឹកញាប់ គិតចាប់តាំងពីមានការតវ៉ាប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០២០ ជាពេលដែលបាននាំឲ្យរដ្ឋាភិបាលចម្រុះរបស់គណបក្ស GERB អស់អំណាច៕