វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បានលើកឡើងថា ការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលថា រុស្ស៊ីមានផែនការធ្វើ «អំពើភេរវកម្ម» ដែនអាកាស ប្រឆាំងនឹងប្រទេសប៉ូឡូញ និងប្រទេសដទៃទៀតនោះ គឺគ្មានភស្តុតាងច្បាស់លាស់ពិតប្រាកដឡើយ។
គួរបញ្ជាក់ថា លោក Tusk បានធ្វើការអះអាងបែបនេះ កាលពីថ្ងៃពុធ (ទី១៥ ខែមករា) បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងទីក្រុងវ៉ាសូវី ដោយសម្ដីនោះទំនងជាសំដៅទៅលើកញ្ចប់អីវ៉ាន់ ដែលបានផ្ទុះនៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់ឡូជីស្ទិក នៅអឺរ៉ុប ដែលមន្ត្រីសន្តិសុខលោកខាងលិច បានលើកឡើងថា ជាផ្នែកមួយនៃការសាកល្បង សម្រាប់ផែនការរបស់រុស្ស៊ី ដើម្បីបង្កឲ្យមានការផ្ទុះនៅលើជើងហោះហើរដឹកទំនិញទៅកាន់សហរដ្ឋអាមេរិក។
យ៉ាងណាក្ដី នៅពេលត្រូវបានសួរ អំពីសេចក្តីថ្លែងការណ៍របស់លោក Tusk អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទាំងនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានអ្វីសោះ ប្រឆាំងនឹងរុស្ស៊ី។ ប៉ូឡូញល្បីល្បាញខាងធ្វើការចោទប្រកាន់បែបនេះ»៕