ក្រុមមេធាវីបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចាប់ខ្លួនជុំវិញការស៊ើបអង្កេតច្បាប់អាជ្ញាសឹក នឹងមិនចូលរួមក្នុងការសាកសួរជុំថ្មីដោយក្រុមអ្នកស៊ើបអង្កេតនៅថ្ងៃសុក្រ (១៧ មករា) នេះទេ ខណៈពេលផុតកំណត់ឃុំខ្លួនលោកខិតជិតមកដល់ លុះត្រាតែអាជ្ញាធរមានដីកាបន្តការឃុំខ្លួន បើមិនដូច្នេះទេនឹងត្រូវតែដោះលែងមេដឹកនាំរូបនេះ។

ក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា ដើម្បីបន្តឃុំខ្លួនលោក Yoon ឱ្យយូរជាងនេះ ក្រុមស៊ើបអង្កេតត្រូវតែស្នើសុំឱ្យតុលាការអនុម័តដីកាបន្តឃុំខ្លួនរហូតដល់ ២០ថ្ងៃ នៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានចាប់ខ្លួន ជុំវិញការស៊ើបអង្កេត ថាតើលោកបានប្រព្រឹត្តការបះបោរឬទេ នៅពេលលោកបានដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីដើមខែធ្នូ។ លោកត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្រុងសេអ៊ូល។

ទោះបីជាក្រុមមេធាវីរបស់លោក Yoon បានជំទាស់នឹងភាពស្របច្បាប់នៃការចាប់ខ្លួននេះក៏ដោយ ក៏តុលាការក្រុងសេអ៊ូលប្រចាំតំបន់កណ្តាល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅតែសម្រេចថាការចាប់ខ្លួននេះគឺស្របច្បាប់។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំការស៊ើបអង្កេតព្រហ្មទណ្ឌ បានកោះហៅលោក Yoon មកសាកសួរជាលើកទីពីរថ្ងៃសុក្រនេះ បន្ទាប់ពីលោកបដិសេធការសួរនាំដូចគ្នានេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមេធាវីរបស់លោកបាននិយាយថា ប្រធានាធិបតីដែលត្រូវបានផ្អាកពីការងាររូបនេះ នឹងមិនចូលរួមការសួរនាំនោះទេ។
អាជ្ញាធរមានពេល ៤៨ម៉ោងគិតចាប់ពីពេលឃុំខ្លួនដំបូង ដើម្បីសាកសួរប្រធានាធិបតីដែលត្រូវចោទប្រកាន់ទម្លាក់តំណែងរូបនេះ បន្ទាប់ពីនោះ ពួកគេត្រូវតែដោះលែងលោក ឬរកដីកាថ្មីដើម្បីបន្តឃុំខ្លួនលោករហូតដល់ ២០ថ្ងៃ។ សារព័ត៌មាន Yonhap បានរាយការណ៍ដោយសម្អាងដល់ការលើកឡើងរបស់ CIO ថា ការរាប់ថយក្រោយ ៤៨ម៉ោង ត្រូវរំពឹងថានឹងបញ្ចប់នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីត្រូវបានផ្អាកដើម្បីអនុញ្ញាតឱ្យតុលាការពិនិត្យមើលបញ្ហាប្រឈមចំពោះការចាប់ខ្លួននេះ៕