ក្រុមមន្ត្រីនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ដល់អ្នកជម្លៀសខ្លួនភាគច្រើនពីចំហេះព្រៃថា ពួកគេមិនទាន់អាចត្រឡប់ទៅលំនៅឋានដែលឆេះខ្ទេចខ្ទីរបស់ពួកគេវិញបានឡើយ រហូតដល់យ៉ាងហោចណាស់មួយសប្តាហ៍ទៀត ខណៈក្រុមង្គ្រោះបន្ទាន់កំពុងយកកាកសំណល់មានជាតិពុលចេញពីតំបន់ដែលត្រូវបានដុតបំផ្លាញនោះ និងកាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី និងឧស្ម័ន ដែលបង្កគ្រោះថ្នាក់ ស្របពេលការខូចខាតយ៉ាងទូលំទូលាយ។

បំណាក់ដីបានបង្កគ្រោះថ្នាក់បន្ថែមទៀតដល់តំបន់ភ្នំដែលរងការបំផ្លិចបំផ្លាញ ជាទីដែលសំណង់ត្រូវខូចខាតខ្ទេចខ្ទី ហើយទឹកពីបំពង់ពន្លត់អគ្គិភ័យ និងបំពង់ទឹកប្រើប្រាស់ក្នុងលំនៅឋាន បានជ្រាបចូលដីអស់ ដោយបន្ថែមភាពតានតឹង និងទុក្ខលំបាកកាន់តែខ្លាំងដល់ជនរងគ្រោះក្នុងមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ Los Angeles មួយនេះ។

អ្នកជម្លៀសដែលអស់សង្ឈឹម ចង់ត្រឡប់ទៅផ្ទះសម្បែងវិញដើម្បីវាយតម្លៃការខូចខាត និងរកមើលវត្ថុអនុស្សាវរីយ៍ ឬរបស់ដែលនៅសេសសល់ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ទីនោះមានគ្រោះថ្នាក់ខ្លាំងពេក ឬអាចដាក់សម្ពាធបន្ថែមលើក្រុមឆ្លើយតបដំបូង ដែលនៅតែកំពុងដោះស្រាយជាមួយនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោច ២៥នាក់ ហើយមនុស្សជាច្រើននៅតែបាត់ខ្លួន។

ជាមួយនឹងចំហេះព្រៃបានឆាបឆេះអស់ពេលជាង ១០ថ្ងៃមកនេះ ក្រុមពន្លត់អគ្គិភ័យសម្តែងការធូរស្បើយ ខណៈចំហេះទាំងពីរមិនរីកធំខ្លាំង ប៉ុន្តែសេវាអាកាសធាតុជាតិព្រមានថា ខ្យល់សមុទ្រតិច និងពពកច្រើន នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារអាកាសធាតុអាក្រក់សម្រាប់ចំហេះ ត្រូវបានព្យាករថានឹងវិលត្រឡប់មកវិញនៅថ្ងៃអាទិត្យ ១៩ មករា ខាងមុខនេះ៕