នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក ពៅ នេពីន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន។
ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។




