ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា ក្រុមអគតិមួយចំនួន ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស មានភាពច្រណែនឈ្នានីស ពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ទើបពួកគេបាននាំគ្នាវាយប្រហារម្តងហើយម្តងទៀត ដល់រាជរដ្ឋាភិបាលថា បានមកពីធ្វើការលុបបឹងអ្វីទាំងនោះហើយបានមានទឹកជំនន់លិចលង់ទីក្រុងភ្នំពេញ។
នៅក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នបឹងមួយចំនួននៅរាជធានីភ្នំពេញ បានក្លាយជាអគារធំៗ ហើយសម្ដេច បានរំលឹកថា កាលពីជំនាន់មុន ដី១ហិកតា មានសំណង់ត្រឹមតែ៥ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ដី១ហិកតាដដែលមានសំណង់ឡើងដល់ ៥ម៉ឺនម៉ែត្រការ៉េ ខណៈដីដែលសម្តេចធ្លាប់ទៅបេះម្អមប្រែក្លាយទៅជាដីមានសំណង់អគារធំៗ និងខ្ពស់ៗជាដើម។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំទសវត្សន៍៩០ គ្រានោះ កម្ពុជាមានទឹកជំនន់ ខណៈកាលនោះកម្ពុជាក៏មិនទាន់អភិវឌ្ឍន៍អ្វីដែរ ហើយមិនតែប៉ុណ្ណោះ ទឹកជំនន់នេះមិនមែនមាននៅកម្ពុជាតែមួយទេ បណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជាប្រទេស បារាំង អ៊ីតាលី និងប្រទេសជាច្រើនទៀតក៏មានដែរ ខណៈគ្រាន់តែរាជធានីភ្នំពេញលិចទឹកម្តងៗពួកគេ ជាពិសេសពួកប្រឆាំងនៅក្រៅប្រទេសនោះជេរតិះដៀលថាអភិបាលរាជធានីភ្នំពេញ គ្រប់គ្រងមិនបានល្អ ហើយមកពីការលក់បឹង និងលុបបឹងលុបបួរជាដើម៕
អត្ថបទបាន ចក់


