ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា បានគំរាម ថានឹងបន្តការវាយប្រហាររបស់ខ្លួន ប្រសិនបើអ៊ីស្រាអែល មិនគោរពបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នៅក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស។
ក្រុមឧទ្ទាម ដែលជាផ្នែកមួយនៃ «សម្ព័ន្ធតស៊ូ» របស់ប្រទេសអ៊ីរ៉ង់ បាននិងកំពុងវាយប្រហារលើអ៊ីស្រាអែល និងការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមក្នុងពេលមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយអះអាងពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។

មេដឹកនាំក្រុមឧទ្ទាម លោក Abdulmalik al-Huthi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងនឹងតាមដានការអនុវត្តកិច្ចព្រមព្រៀង ហើយប្រសិនបើមានការរំលោភបំពាន ការសម្លាប់រង្គាល ឬការវាយប្រហារណាមួយពីសំណាក់អ៊ីស្រាអែល យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់ប៉ាឡេស្ទីន»។

លោកបាននិយាយដូច្នេះ មួយថ្ងៃបន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេល៦សប្តាហ៍ ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃអាទិត្យខាងមុខនេះ ដែលនឹងពាក់ព័ន្ធដល់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៣៣នាក់ ជាអ្នកត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ ក្រុមឧទ្ទាមដែលគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បានបាញ់មីស៊ីលនិងយានដ្រូនរាប់សិបគ្រឿងចូលទៅកាន់អ៊ីស្រាអែល។ ពួកគេក៏បានធ្វើយុទ្ធនាការប្រឆាំងការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលរំខានយ៉ាងខ្លាំងដល់ផ្លូវពាណិជ្ជកម្មសំខាន់ៗ។