អង្គការសហប្រជាជាតិ និយាយថា តំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម នឹងត្រូវការប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញ។
បច្ចុប្បន្ននេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែវានៅមិនច្បាស់នោះទេថា នៅពេលណាដែលកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ អាចនឹងចាប់ផ្តើម និងថាតើពួកគេនឹងទទួលបានមូលនិធិដោយរបៀបណា។

បន្ទាប់ពីជម្លោះរយៈពេល១៥ខែ មានការខូចខាតពីការបំផ្លិចបំផ្លាញនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន និងមានជនរងគ្រោះស្លាប់និងរងរបួសជាច្រើន ដោយសារតែសង្គ្រាម។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ការសងសឹករបស់អ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើប្រទេសនេះ បានសម្លាប់ពលរដ្ឋតំបន់ហ្កាហ្សាជាង៤៦.០០០នាក់។
អង្គការសហប្រជាជាតិ បានព្រមានកាលពីឆ្នាំមុនថា ការការរុះរើកម្ទេចកម្ទីរចេញនឹងត្រូវចំណាយពេល ១៤ឆ្នាំ និងចំណាយប្រាក់១,២ពាន់លានដុល្លារ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានប៉ាន់ស្មានកាលពីខែឧសភាថា សាកសពមនុស្ស១០.០០០នាក់ បានបាត់ខ្លួន នៅក្រោមគំនរបាក់បែក។
អង្គការសហប្រជាជាតិបានរាយការណ៍ថា ការកសាងលំនៅឋានដែលត្រូវបានបំផ្លាញនៅតំបន់ហ្កាហ្សាឡើងវិញ នឹងត្រូវចំណាយពេលរហូតដល់ឆ្នាំ២០៤០ ប៉ុន្តែអាចបន្តអូសបន្លាយពេលរហូតដល់រាប់ទសវត្សរ៍។