រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលនឹងចាកចេញពីតំណែង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ថាវាជា «ការសោកស្តាយយ៉ាងពិតប្រាកដ» សម្រាប់លោក ដែលលោកមិនអាចបញ្ចប់សង្រ្គាមនៅក្នុងប្រទេសស៊ូដង់បាន ហើយសង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងបន្តព្យាយាមបញ្ចប់សង្គ្រាមនេះ។

លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «យើងបន្តដំណើរការរឿងនេះ រយៈពេលបីថ្ងៃទៀត ហើយលោកសង្ឃឹមថា រដ្ឋបាលបន្ទាប់នឹងអនុវត្តបញ្ហានេះផងដែរ»។
សហរដ្ឋអាមេរិក បានកំណត់កាលពីថ្ងៃទី៧ ខែមករា ថា សមាជិកនៃកងកម្លាំងគាំទ្ររហ័សរបស់ប្រទេសស៊ូដង់ (RSF) និងកងជីវពលសម្ព័ន្ធមិត្ត បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់ ហើយបានដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមនេះជុំវិញជម្លោះដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបណ្តាលឲ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

កងកម្លាំងគាំទ្ររហ័ស(RSF) បានច្រានចោលចំណាត់ការបែបនេះ។ ប្រភពចំនួនបី ដែលដឹងអំពីបញ្ហានេះផ្ទាល់ បានប្រាប់សារព័ត៌មានរ៉យទ័រថា មេដឹកនាំនិងជាមេបញ្ជាការកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan ក៏ត្រូវរងទណ្ឌកម្មដោយសហរដ្ឋអាមេរិកផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។
ប្រភពព័ត៌មានមួយក្នុងចំណោមប្រភពជាច្រើន បាននិយាយថា ហេតុផលនៃចំណាត់ការនេះ គឺកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានដាក់គោលដៅលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការបដិសេធមិនឲ្យមានដំណើរការជំនួយចូល ព្រមទាំងបានច្រានចោលការចូលរួមក្នុងការចរចាសន្តិភាព កាលពីឆ្នាំមុន។