អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ បង្កើននិងផ្តល់មូលនិធិដល់ការឆ្លើយតបជំនួយក្នុងទំហំធំមួយនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បញ្ចប់សង្គ្រាមរយៈពេល ១៥ ខែ នៅក្នុងតំបន់ កាលពីដើមសប្តាហ៍នេះ។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា រដ្ឋជាសមាជិករបស់ខ្លួន ម្ចាស់ជំនួយ និងសហគមន៍ពិភពលោក រួមទាំងវិស័យឯកជន គួរតែគាំទ្រទាំងតម្រូវការសុខភាពបន្ទាន់ និងការកសាងឡើងវិញនូវប្រព័ន្ធថែទាំសុខភាពនៅតំបន់ហ្កាហ្សារយៈពេលវែង។

លោក Rik Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោកសម្រាប់ដែនដីកាន់កាប់ប៉ាឡេស្ទីនបាននិយាយថា «អង្គការសហប្រជាជាតិ ពុំអាចផ្តល់ការឆ្លើយតបនេះ តែម្នាក់ឯងបានទេ»។
ផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ តម្រូវឱ្យរថយន្តដឹកជំនួយមនុស្សធម៌ចំនួន៦០០គ្រឿង ត្រូវតែបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សា ជារៀងរាល់ថ្ងៃ។ លោក Peeperkorn បាននិយាយថា អង្គការសុខភាពពិភពលោក(WHO) បានត្រៀមជាស្រេចក្នុងការដឹកជញ្ជូនជំនួយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនៅតែប្រុងប្រយ័ត្ន «ដោយសារតែកិច្ចព្រមព្រៀង នៅពុំទាន់ត្រូវបានបញ្ជាក់នៅឡើយ»។
កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក(WHO) បានចាប់ផ្តើមការអំពាវនាវប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ការផ្តល់មូលនិធិដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្នសុខភាព ត្រឹមតែប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក ជាម្ចាស់ជំនួយ ធំបំផុតរបស់ទីភ្នាក់ងារសុខភាព ដែលបានដាក់សញ្ញាសួរអំពីហិរញ្ញវត្ថុរយៈពេលវែងរបស់ខ្លួន។
លោក Tedros បាននិយាយថាអង្គការសុខភាពពិភពលោក(WHO) កំពុងស្វែងរកប្រាក់ចំនួន១,៥ ពាន់លានដុល្លារ ដើម្បីជួយប្រជាជនជាង៣០០លាននាក់ ដែលរស់នៅក្នុងតំបន់សង្គ្រោះចំនួន៤២កន្លែង មានចាប់ពីតំបន់ហ្កាហ្សា រហូតដល់ប្រទេសអាហ្វហ្គានីស្ថាន។