មេដឹកនាំប្រទេសស៊ីរី លោក Ahmed al-Sharaa បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ថា ប្រទេសរបស់លោក បានត្រៀមខ្លួន ដើម្បីស្វាគមន៍កងកម្លាំងរបស់អង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់ទ្រនាប់ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ ជាមួយអ៊ីស្រាអែល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប្រទេសកាតាលោកSheikh Mohammed Bin Abdulrahman Al Thani លោក Sharaa បាននិយាយថា វត្តមានរបស់ «កងជីវពលអ៊ីរ៉ង់ និងក្រុមហេសបូឡា» គឺជាហេតុផលនៃការរុលចូលរបស់អ៊ីស្រាអែល ទៅក្នុងតំបន់នេះ ហើយអ៊ីស្រាអែលកំពុងប្រើ «លេស» ដើម្បីរុលចូលប្រទេសស៊ីរី។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Al Thani បានថ្កោលទោសចំពោះការរុលចូលទៅមុខរបស់អ៊ីស្រាអែល ទៅក្នុងតំបន់ទ្រនាប់ជាមួយប្រទេសស៊ីរី ដោយអំពាវនាវឱ្យមានការដកទ័ពចេញជាបន្ទាន់។
លោក Al Thani បានទៅដល់ទីក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយលោក Sharaa ក្នុងរដ្ឋធានី ប្រទេសស៊ីរី។