ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (១៧ មករា) នេះថា កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងក្លាលើសហរដ្ឋអាមេរិក ចំពោះការបញ្ជូនយន្តហោះយោធាទៅកាន់ឧបទ្វីបកូរ៉េជាច្រើនដងក្នុងខែនេះ ក៏ដូចជាការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នារវាងសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន កូរ៉េខាងត្បូង និងជប៉ុន។

KCNA រាយការណ៍ដោយដកស្រង់សម្តីក្រសួងការបរទេសកូរ៉េខាងជើងថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា រួមទាំង "ទប់ស្កាត់យ៉ាងខ្លាំងរាល់ការបង្កហេតុខាងយោធា" ដោយអនុវត្តសិទ្ធិពេញលេញក្នុងការការពារខ្លួន។

គួររម្លឹកថា កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង អាមេរិក និងជប៉ុន កាលពីពុធ សប្ដាហ៍នេះ បានធ្វើសមយុទ្ធយោធារួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ជាពិសេសប្រភេទ B-1B ដ៏ទំនើប បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មី។

សមយុទ្ធរួមគ្នាទាំងនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៅពេលប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ៕