ពលរដ្ឋអារ៉ាប់ សញ្ជាតិអាមេរិកជាច្រើនបានសម្ដែងការខឹងសម្បាររបស់ពួកគេចំពោះលោកប្រធានាធិបតីអាមេរិក លោក Joe Biden ដែលអស់អាណត្ត ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងសង្រ្គាមតំបន់ហ្កាហ្សា។

អ្នកទាំងនោះបានបោះឆ្នោតគាំទ្រលោក Donald Trump ក្នុងខែវិច្ឆិកា ដោយជឿថា ទោះជាមានឱកាសតិចតួចដែលលោកនឹងជំរុញឱ្យមានបទឈប់បាញ់ហ្កាហ្សាក៏ដោយ ក៏លោក Trump នឹងក្លាយជាជម្រើសល្អជាងសមាជិកបក្សប្រជាធិបតេយ្យ ដែលបរាជ័យក្នុងការបញ្ឈប់សង្គ្រាម។

ទីបំផុតលោក Trump បានឈ្នះការបោះឆ្នោតនោះ ហើយគ្រោងនឹងចូលសេតវិមានឡើងវិញនៅថ្ងៃចន្ទ ២០ មករា ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានព្រមព្រៀងគ្នាផ្អាកអរិភាពនៅតំបន់ហ្កាហ្សា ដែលប្រជាជនប៉ាឡេស្ទីនជាង ៤៦.៧០០នាក់ត្រូវបានសម្លាប់ក្នុងពេល ១៥ខែចុងក្រោយនេះ។

ស្របពេលដែលលោក Trump អះអាងគុណសម្បត្តិក្នុងរឿងនេះ ម្ចាស់ឆ្នោតជនជាតិអារ៉ាប់ទាំងនោះបានសម្ដែងការខកចិត្តចំពោះលោក Biden សម្រាប់ការខកខានមិនបានរកកិច្ចព្រមព្រៀងឱ្យលឿនជាងនេះ។
ខណៈអ្នកបោះឆ្នោតជនជាតិអារ៉ាប់ជាច្រើននិយាយថា ពេលនេះលឿនពេកក្នុងការអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនោះ ពួកគេសង្កត់ធ្ងន់ថា អន្តរាគមន៍របស់លោក Trump ក្នុងដំណើរនេះ បានបង្ហាញថា ពួកគេធ្វើត្រឹមត្រូវហើយក្នុងការបោះបង់ចោលបេក្ខជនបក្សប្រជាធិបតេយ្យគឺអនុប្រធានាធិបតី លោកស្រី Kamala Harris នៅក្នុងការប្រកួតប្រជែងកាលពីខែវិច្ឆិកា៕