ប្រភពដែលដឹងពីការស៊ើបអង្កេតបានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ (១៧ មករា) នេះថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញរោមសត្វស្លាប និងឈាម នៅក្នុងម៉ាស៊ីនពីររបស់យន្តហោះ Boeing ដែលបានធ្លាក់នៅកូរ៉េខាងត្បូង កាលពីថ្ងៃ២៩ ខែធ្នូ។

យន្តហោះ Jeju Air លេខ 7C2216 ដែលចេញដំណើរពីរដ្ឋធានីបាងកកប្រទេសថៃ ទៅកាន់តំបន់ Muan ភាគនិរតីកូរ៉េខាងត្បូង បានធ្លាក់ក្នុងអំឡុងពេលចុះចតដោយគ្មានកង់ និងធ្លាក់ចេញពីផ្លូវរត់ទៅបុកជញ្ជាំងរបស់អាកាសយានដ្ឋានក្នុងតំបន់កាលពីថ្ងៃទី២៩ ខែធ្នូ ដោយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។

មនុស្សសរុបចំនួន ១៧៩នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូងមួយនេះ។ ក្រុមស៊ើបអង្កេតនៅដើមខែនេះ បាននិយាយថា រោមសត្វស្លាបត្រូវរកឃើញនៅលើម៉ាស៊ីនមួយ ដែលយកពីកន្លែងកើតហេតុ ដោយបន្ថែមថា មានខ្សែវីដេអូបង្ហាញថាមានការបុកនឹងហ្វូងបក្សី ដោយបន្សល់ស្នាមឈាមនៅលើម៉ាស៊ីនមួយផ្សេងទៀត។

ក្រសួងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការរកឃើញថ្មីនេះទេ៕