ក្រុមអ្នកសង្កេតការណ៍បានប្រាប់ព័ត៌មាន CNA ថា ការបដិសេធមិននិយាយជាមួយមន្ត្រីប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានឃុំខ្លួន គឺជាយុទ្ធសាស្រ្តមួយដើម្បីលុបចោលការស៊ើបអង្កេត និងអូសបន្លាយដំណើរការនេះ។

លោក Yoon វ័យ ៦៤ឆ្នាំ បានបដិសេធមិនឱ្យក្រុមស៊ើបអង្កេតសាកសួរទាំងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ (១៧ មករា) នេះ ដោយក្រុមមេធាវីរបស់លោកនិយាយថាមកពីហេតុផលសុខភាព ដែលបានពន្យារពេលការស៊ើបអង្កេតថាតើ លោកបានប្រព្រឹត្តការបះបោរជាមួយនឹងក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែរឬទេ។

លោក Yoon ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវចាប់ខ្លួន បានប្រគល់ខ្លួនឱ្យអាជ្ញាធរដើម្បីរារាំងហានិភ័យនៃ "ការបង្ហូរឈាម" ទោះបីជាលោកបន្តតវ៉ាថា នោះជាការស៊ើបអង្កេតខុសច្បាប់ និងដីកាចាប់ខ្លួនមិនត្រឹមត្រូវក៏ដោយ។

អ្នកជំនាញជឿថាក្រុមច្បាប់របស់លោកកំពុងពន្យារពេលការស៊ើបអង្កេតដើម្បីផលប្រយោជន៍របស់លោក Yoon ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មួយចំនួនបានសង្កត់ធ្ងន់ថា ការបដិសេធរបស់លោក Yoon ក្នុងការមិនសហការជាមួយអាជ្ញាធរស៊ើបអង្កេត នឹងមិនអាចជួយអ្វីបានច្រើននោះទេ៕