ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ ខាណាលីស (Canalys) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ថា ក្រុមហ៊ុន Apple ត្រូវបានទម្លាក់តំណែងជាអ្នកលក់ទូរសព្ទស្មាតហ្វូនធំបំផុតរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ ដោយគូប្រជែងក្នុងស្រុក Vivo និង Huawei បានវ៉ាដាច់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់អាមេរិកមួយនេះ បន្ទាប់ពីការនាំចេញប្រចាំឆ្នាំរបស់ខ្លួនក្នុងប្រទេសបានធ្លាក់ចុះ ១៧%។

នេះគឺជាការធ្លាក់ចុះនៃការលក់ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ Apple នៅក្នុងប្រទេសចិន ហើយពាក់ព័ន្ធនឹងការធ្លាក់ចុះនៅក្នុងត្រីមាសទាំងបួន រួមទាំងការធ្លាក់ចុះ ២៥% នៅក្នុងត្រីមាសចុងក្រោយ នេះបើយោងតាមទិន្នន័យ។

ពេញមួយឆ្នាំ ក្រុមហ៊ុនផលិតស្មាតហ្វូនមានតម្លៃសមរម្យ Vivo បានចាប់យកចំណែកទីផ្សារ ១៧% នៅចិន បន្ទាប់មកតាមពីក្រោយដោយគូប្រជែងលំដាប់ខ្ពស់ Huawei ដែលមាន ១៦% និង Apple ដែលត្រឹមតែ ១៥% ដោយបង្ហាញពីកំណើនសម្ពាធនៃការលក់របស់ Apple ទល់នឹងក្រុមហ៊ុនផលិតក្នុងស្រុក នៅក្នុងទីផ្សារពិភពលោកដ៏ធំបំផុតមួយ។

ការធ្លាក់ចុះនេះក៏ចង្អុលបង្ហាញពីឥទ្ធិពលអាក្រក់នៃកត្តាដូចជា អវត្តមាននៃសមត្ថភាពបញ្ញាសិប្បនិមិត្ត AI នៅក្នុងទូរស័ព្ទ iPhone ចុងក្រោយបំផុតដែលបានលក់នៅក្នុងប្រទេសចិន ដែលប្រព័ន្ធ AI ដ៏ល្បីដូចជា ChatGPT មិនអាចប្រើប្រាស់បាន៕