បាល់ទាត់៖ ក្រុម Norwich City បានស្គាល់រសជាតិឈ្នះជាលើកដំបូងក្នុងរដូវកាលនេះនៃក្របខណ្ឌ English Premier League ក្រោយយកឈ្នះនៅទឹកដី Brentford ២-១ កាលពីថ្ងៃសៅរ៍។ យ៉ាងណាក្តីគ្រូបង្គោលលោក Daniel Farke បែរជាត្រូវបានដកតំណែងភ្លាមៗប៉ុន្មានម៉ោងក្រោយចប់ការប្រកួតដែល Norwich ឈ្នះ Brentford នោះទៅវិញ។

ជ័យជំនះនេះ Norwich នៅតែបន្តឈរបាតតារាងដដែលមាន ៥ពិន្ទុពីការប្រកួត ១១លើក។ លោក Daniel Farke ធ្លាប់បានដឹកនាំ Norwich ឈ្នះជើងឯក League Championship ឡើងមកកាន់ក្របខណ្ឌកំពូល English Premier League ២លើកតាំងពីកាន់តំណែងនៅឆ្នាំ២០១៧។ ក្រោយចប់ការប្រកួតដែល Norwich ឈ្នះនៅទឹកដី Brentford នោះលោក Daniel Farke មិនបាននិយាយអ្វីច្រើនឡើយដោយលោកបានដឹងថា លោកនឹងត្រូវបាត់បង់អាជីពទៅហើយ។ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានដឹកនាំ Norwich សរុប ២០៨ប្រកួតតាំងពីឆ្នាំ២០១៧ ដែលក្នុងនោះមានឈ្នះ ៨៧ប្រកួត។
ទោះជាយ៉ាងណាក៏ដោយលោក Farke មិនមានស្ថិតិដឹកនាំល្អឡើយនៅក្របខណ្ឌកំពូល ពោលគឺលោកគឺជាអ្នកចាត់ការទី៤ ដែលមានស្ថិតិដឹកនាំអាក្រក់បំផុតនៅ English Premier League ដោយដឹកនាំក្រុម ៤៩ប្រកួតឈ្នះតែ ៦ប្រកួតប៉ុណ្ណោះ។ ប្រកួតបន្ទាប់របស់ Norwich គឺត្រូវជួប Southampton តែមានគំលាតដល់ទៅ ២សប្តាហ៍បន្ទាប់ពីសម្រាកការប្រកួតអន្តរជាតិរបស់ក្រុមជំរើសជាតិ៕
អត្ថបទ៖នាង សុភាវុធ