សេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ២០២៤ បានបញ្ចប់ដោយជំហរយ៉ាងរឹងមាំជាងការរំពឹងទុក ដោយមានជំនួយពីវិធានការយ៉ាងល្អរបស់រដ្ឋាភិបាល ទោះជាការគំរាមកំហែងនៃសង្រ្គាមពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក និងតម្រូវការក្នុងស្រុកដែលទន់ខ្សោយ អាចប៉ះពាល់បន្តិចបន្តួចដល់ទំនុកចិត្តក្នុងការងើបឡើងវិញយ៉ាងទូលំទូលាយនៅឆ្នាំនេះក៏ដោយ។

ការនាំចេញ ដែលជាចំណុចដ៏លេចធ្លោមួយរបស់ចិន កំពុងត្រៀមខ្លួនទប់ទល់ជម្លោះពាណិជ្ជកម្មថ្មី នៅពេលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ដែលបានគំរាមដំឡើងពន្ធលើទំនិញរបស់ចិន នឹងត្រូវត្រឡប់ទៅសេតវិមានវិញនៅសប្តាហ៍ក្រោយនេះ។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃសុក្រ (១៧ មករា) នេះថា សម្រាប់ពេញមួយឆ្នាំ២០២៤ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានកើនឡើង ៥% ដែលបំពេញតាមគោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាលប្រហែល ៥% ដូចគ្នានេះ ដោយឡើងលើសពីការព្យាកររបស់អ្នកវិភាគ ដែលថាមានកំណើនត្រឹមតែ ៤,៩%។

សេដ្ឋកិច្ចបានកើនឡើង ៥,៤% នៅក្នុងត្រីមាសទី៤ ធៀបនឹងឆ្នាំមុន ដោយឡើងខ្ពស់ខ្លាំងហយសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ និងក្លាយជាកំណើនយ៉ាងឆាប់រហ័សបំផុតចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២៣ មក៕